.jpg?1611285824)
ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ២២ មករានេះបានប្រកាសថា សម្តេចនឹងធ្វើដំណើរទៅទទួលវ៉ាក់សាំងចិនចំនួន៣០ម៉ឺនដូសដែលនឹងគ្រោងដឹកមកកម្ពុជានៅក្នុងខែកុម្ភៈ។ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន«តេជោសែនសាធារណការ និងដឹកជញ្ជូន»។
សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា រដ្ឋាភិបាលប្រទេសចិន បានយល់ព្រមផ្តល់វ៉ាក់សាំងមកប្រទេសកម្ពុជាចំនួន ១ លានដូស ហើយវ៉ាក់សាំងដំបូងនឹងមកដល់ចំនួន៣០ម៉ឺនដូសដំបូងដែលនឹងមកដល់ប្រទេសកម្ពុជានៅខែកុម្ភៈ ដោយនៅពេលនោះសម្តេចនឹងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយផ្ទាល់ដើម្បីទទួល។
សម្តេចហ៊ុន សែន បានថ្លែងថា “ព្រោះនៅពេលខាងមុខនេះ វ៉ាក់សាំងចំនួន៣០ម៉ឺនដូសនឹងមកដល់កម្ពុជា សម្រាប់ចាក់លើកមនុស្សចំនួន១៥ម៉ឺននាក់ ប៉ុន្តែមិត្តចិនកំពុងតែជំរុញឱ្យបាន៦០ម៉ឺនដូស បើបាន៦០ដូសក្នុងខែកុម្ភៈ យើងនឹងចាក់បាន៣០ម៉ឺននាក់សល់៤០ម៉ឺនដូសទៀតនឹងចាក់២០ម៉ឺននាក់”។
បើតាមសម្តេច ហ៊ុន សែន បម្ជុលទី១ ដូសទី១ សម្រាប់វាក់សាំងកូវីដ-១៩ នៅខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ គឺចាក់លើសម្តេចតែម្តងនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់មកសម្តេចនឹងធ្វើសន្និសីទសារព័ត៌មានពីករណីនេះតែម្តង៕