
ភ្នំពេញ៖កម្ពុជានៅថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២០ បានតំណក់ប្រេងលើកដំបូងពីគម្រោងអភិវឌ្ឍន៍អណ្តូងប្រេងអប្សរា បន្ទាប់ពីក្រុមហ៊ុនរុករកប្រេង KrisEnergy បានសម្រេចកិច្ចព្រមព្រៀងសម្រាប់ការផ្គត់ផ្គង់សម្ភារសាងសង់ក្បាលអណ្តូង ដើម្បីទាញយកប្រេងនៅប្លុក A ។ប៉ុន្តែតម្លៃប្រេងឥន្ធនៈនៅកម្ពុជានៅតែបន្តប្រែប្រួលទៅតាមតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ពោលមិនដូចការយល់របស់ពលរដ្ឋមួយចំនួននោះឡើយ។នេះបើតាមការអះអាងរបស់ក្រសួងរ៉ែ និងថាមពល។
យោងតាមការចុះផ្សាយរបស់ក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា តំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានពីការបូមប្រេងនៅប្លុកA ក្នុងដែនសមុទ្រកម្ពុជា គឺជាការទទួលបានតំណក់ប្រេងឆៅ។ ប្រេងឆៅទាំងនោះ មិនអាចយកទៅប្រើប្រាស់ភ្លាមៗដោយផ្ទាល់ដូចជាការយកទៅចាក់បញ្ចូលយានជំនិះនិងមធ្យោបាយដឹកជញ្ជូនដូចជាម៉ូតូ ឡានបាននោះទេ។ ដើម្បីទទួលបានប្រេងឥន្ធនៈដូចជាប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នLPGឬហ្គាស គេត្រូវយកប្រេងឆៅទៅចម្រាញ់។
បើតាមក្រសួងរ៉ែ និងថាមពល ដោយហេតុថាកម្ពុជានៅមិនទាន់មានរោងចក្រចម្រាញ់ប្រេងនៅឡើយ ដូច្នេះកម្ពុជាគ្មានជម្រើសក្រៅពីលក់ប្រេងឆៅដែលបូមបានទៅចម្រាញ់នៅប្រទេសផ្សេងឡើយ។ មានន័យថា ទោះបីជាកម្ពុជាបូមប្រេងបានក៏ដោយក៏កម្ពុជានៅតែទិញប្រេងឥន្ធនៈពីប្រទេសដទៃដដែល ដូច្នេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជានៅតែបន្តប្រែប្រួលទៅតាមតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិដូចពេលបច្ចុប្បន្នដដែល។
តម្លៃប្រេងឥន្ធនៈក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះមានការប្រែប្រួលកើនឡើងបន្តិចបន្តួចនេះ គឺបណ្តាលមកពីការប្រែប្រួលតម្លៃប្រេងលើទីផ្សារអន្តរជាតិ។ ជារួមក្នុងរយៈកាលនេះ តម្លៃប្រេងឥន្ធនៈមានការកើនឡើងជាសាកល ពុំមែនមានតែប្រទេសកម្ពុជាមួយនោះទេដែលមានតម្លៃប្រេងកើនឡើង។
សូមបញ្ជាក់ថា កម្ពុជានៅថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២០ បានតំណក់ប្រេងលើកដំបូងពីគម្រោងអភិវឌ្ឍន៍អណ្តូងប្រេងអប្សរា។អណ្ដូងប្រេងប្លុក A គ្របដណ្ដប់លើផ្ទៃក្រឡា ៣ ០៨៣ ម៉ែត្រការ៉េ នៅឈូងសមុទ្រថៃ ដែលមានចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ប្រទេស កម្ពុជា និងមានជម្រៅទឹកចន្លោះពី ៥០ ទៅ ៨០ ម៉ែត្រ។រដ្ឋាភិបាលបានរំពឹងថា ប្រសិនបើតម្លៃប្រេងស្ថិតក្នុងរង្វង់ ៨០ ដុល្លារ ក្នុង ១ បារ៉ែល រដ្ឋាភិបាលនឹងទទួលបានប្រាក់ចំណូលប្រហាក់ប្រហែល ៩០០ លានដុល្លារ ពីគម្រោងអភិវឌ្ឍន៍ប្រេងប្លុក A ក្នុងរយៈពេល ៩ ឆ្នាំ៕