Swift cc time

លោក អ៊ុំ សំអាន សុំសម្តេច ហ៊ុន ម៉ាណែត បើកចិត្ត ដើម្បីបើកផ្លូវឱ្យលោកបានចូលស្រុកខ្មែរវិញ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស​​ បានទទូចស្នើសុំជាថ្មីទៅកាន់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បើកចិត្តទូលាយហើយស្នើទៅព្រះមហាក្សត្រខ្មែរ ដើម្បីលើកលែងទោស និងធ្វើអន្តរាគមន៍ទម្លាក់ចោលនូវបទចោទដល់លោក ដើម្បីបើកផ្លូវឱ្យលោកឆាប់បានចូលស្រុកខ្មែរវិញ។

យោងតាមការបង្ហោះតាមបណ្តាញសង្គមលោក អ៊ុំ សំអាន បានសរសេរយ៉ាងដូច្នេះថា "សូមលោក ហ៊ុន ម៉ាណែត ស្នើទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោស និងធ្វើអន្តរាគមន៍ទម្លាក់ចោលនូវបទចោទដល់រូបខ្ញុំ និងប្រតិភូរបស់ខ្ញុំ ដើម្បីបើកផ្លូវអោយខ្ញុំ និងប្រតិភូរបស់ខ្ញុំចូលទៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ"។

លោក អ៊ុំ សំអាន បានអះអាងថា ក្នុងស្មារតីផ្សះផ្សារជាតិ ឯកភាពជាតិ និងការបង្រួបបង្រួមជាតិ លោកសង្ឃឹមថា សម្តេច ហ៊ុន ម៉ាណែត នឹងបើកចិត្តទូលាយ ដើម្បីទទួលនូវសំណើរបស់លោកហើយនឹងបើកកិច្ចកិច្ចពិភាក្សាអំពីការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ក្នុងពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា​ សម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញលោក អ៊ុំ សំអាន និងក្រុមការងាររបស់លោកឲ្យត្រឡប់ចូលប្រទេសកម្ពុជាដើម្បីបង្ហាញឯកសារ និងភស្តុតាងទាក់ទងទៅនឹងជម្លោះព្រំដែនជាមួយថៃ ជាពិសេសចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដែលលោក អ៊ុំ សំអាន ផ្តើមចោទរដ្ឋាភិបាលថាធ្វើឲ្យកម្ពុជាខាតបង់ដី។

ឆ្លើយតបលោក អ៊ុំ សំអាន បានបន្តបដិសេធគេចវេសមិនចូលតាមការអំពាវនាវពីនាយករដ្ឋមន្ត្រីកម្ពុជា។តែលោកបានបង្ហាញពីជំហរចង់សហការជាមួយសម្តេច ហ៊ុន ម៉ាណែត ចាប់ដៃគ្នាប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ដើម្បីទាមទារទឹកដីខ្មែរមកវិញ ជាជាងការជជែកដេញដោលគ្នាយកចាញ់ឈ្នះរវាងខ្មែរ និងខ្មែរ។ លោកថា "ការជជែកដេញដោលគ្នា បើខ្ញុំចាញ់ឬលោក ហ៊ុន ម៉ាណែត ចាញ់ ក៏កម្ពុជាមិនបានទឹកដីខ្មែរ៨១ទីតាំងពីថៃមកវិញនោះទេ។ មានតែការសហការគ្នានិងខ្មែរមានឯកភាពជាតិទេ ទើបកម្ពុជាឈ្នះថៃនិងអាចដណ្តើមទឹកដីខ្មែរត្រឡប់មកវិញ"៕

Khcct banner

អត្ថបទទាក់ទង