Swift cc time

ទូតកម្ពុជានៅបារាំងតតាំងការបំភ្លៃរបស់ថៃលើបញ្ហាព្រំដែនក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃហ្វ្រង់កូហ្វូនី (CPF)

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក លុយ ដាវីត ឯក​អគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង

បារាំង៖ ឯក​អគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានបានច្រានចោលការបំភ្លៃរបស់ថៃ លើបញ្ហាព្រំដែន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃហ្វ្រង់កូហ្វូនី (CPF) និងបានប្រាប់កិច្ចប្រជុំថា កម្ពុជាចង់ឃើញការដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និង ការគោរពគោលការណ៍សមភាពអធិបតេយ្យភាពរបស់រដ្ឋ។

លោក លុយ ដាវីត ឯក​អគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានចូលរួម កិច្ចប្រជុំលើកទី១៣៤ នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃហ្វ្រង់កូហ្វូនី (CPF) ក្រោមអធិបតីភាពរបស់លោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដោយមានការចូលរួមពីតំណាងផ្ទាល់របស់រដ្ឋ និងរដ្ឋាភិបាលជាសមាជិក។

ក្នុងឱកាសនោះ លោក លុយ ដាវីត បានរាយការណ៍ភ្ញៀវអន្តរជាតិពីស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដោយរំលឹកថា សន្តិភាព គឺជាតម្លៃមូលដ្ឋានដ៏សំខាន់សម្រាប់កម្ពុជា ដែលប្រវត្តិសាស្ត្ររបស់ខ្លួនធ្លាប់ឆ្លងកាត់សង្គ្រាម អំពើប្រល័យពូជសាសន៍ និង ការបែកបាក់អស់រយៈពេលជាច្រើនទសវត្សរ៍។លោកថា បទពិសោធន៍ដ៏ឈឺចាប់នេះបានរំលឹកយើងអំពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងការពង្រឹងសន្តិភាពឱ្យបានរឹងមាំ និងយូរអង្វែង។

ពាក់ព័ន្ធនឹងវិវាទព្រំដែនជាមួយប្រទេសថៃ លោក លុយ ដាវីត បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការ ដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងការគោរពគោលការណ៍សមភាពអធិបតេយ្យភាពរបស់រដ្ឋ។ ការស្តារឡើងវិញនូវទំនុកចិត្តរវាងប្រទេសទាំងពីរ តម្រូវឱ្យមានការអនុវត្តវិធានការជាក់ស្តែង ជាពិសេសការអនុវត្តសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការគោរពព្រំដែនអន្តរជាតិ ការបន្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនក្នុងក្របខ័ណ្ឌគណៈកម្មការចម្រុះព្រំដែនគោក (JBC) ព្រមទាំងការធានាឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

លោក លុយ ដាវីត បានច្រានចោលការអះអាងនេះដែលមិនត្រឹមត្រូវ និងបំភ្លៃការពិតជាប្រវត្តិសាស្ត្ររបស់ថៃដែលថា «ប្រជាជនកម្ពុជា ស្ថិតនៅក្នុងតំបន់របស់ថៃ ដែលត្រូវបានបើកឱ្យប្រើប្រាស់ជាជម្រក​ជនភៀសខ្លួនបណ្ដោះអាសន្ន ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ហើយវត្តមានរបស់ពួកគេបំពានលើអធិបតេយ្យភាពរបស់ថៃ»។

លោក លុយ ដាវីត ពន្យល់តបវិញដោយយោងទៅរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HCR) ដែលបញ្ជាក់ថា ជំរំជនភៀសខ្លួនកម្ពុជានៅក្នុងប្រទេសថៃ គឺមិនមានជនភៀសខ្លួនទៀតទេ តាំងពីខែមីនា ឆ្នាំ១៩៩៩ បន្ទាប់ពីក្រុមជនភៀសខ្លួនចុងក្រោយចំនួន ៧០៥ នាក់ បានវិលត្រឡប់មកកម្ពុជាវិញ៕

Khcct banner

អត្ថបទទាក់ទង