ហាណូយ៖ ក្រសួងការពារជាតិវៀតណាម បានរៀបចំការហាត់សមធំ (General Rehearsal) កាលពីថ្ងៃចន្ទ ទី១២ ខែតុលា ដើម្បីត្រៀមលក្ខណៈសម្រាប់សមយុទ្ធការពារស៊ីវិលរួមគ្នារវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាម ដែលនឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ។ កម្មវិធីនេះធ្វើឡើងក្រោមវត្តមានរបស់លោក Lê Quang Đạo អគ្គមេបញ្ជាការរងនៃកងទ័ពប្រជាជនវៀតណាម នៅរដ្ឋធានីហាណូយ ដោយផ្តោតសំខាន់លើប្រតិបត្តិការស្វែងរក និងសង្គ្រោះជនរងគ្រោះក្នុងគ្រោះមហន្តរាយ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tuoi Tre ក្នុងពិធីហាត់សមនេះ កងទ័ពនៃប្រទេសទាំងបីបានរួមគ្នាអនុវត្តសេណារីយ៉ូគ្រោះអាសន្នដូចជា៖ ការលេចធ្លាយសារធាតុគីមី ការបាក់រលំអគារ និងគ្រោះទឹកជំនន់។ ប្រតិបត្តិការរួមមាន ការសង្គ្រោះជនរងគ្រោះចេញពីអគារបាក់បែក ការជួយសង្គ្រោះតាមអាកាស និងតាមទឹក ការបង្កើតអង្គភាពវេជ្ជសាស្ត្រចល័តដើម្បីសង្គ្រោះបឋម និងការសម្អាតតំបន់រងការបំពុលដោយសារធាតុគីមី។
មន្ត្រីជាន់ខ្ពស់យោធាវៀតណាម បានកោតសរសើរចំពោះស្មារតីសាមគ្គីភាព វិន័យ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកងទ័ពទាំងបី។ សមយុទ្ធការពារស៊ីវិលផ្លូវការនេះ ត្រូវបានរំពឹងថានឹងជួយបង្កើនសមត្ថភាពឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ កាត់បន្ថយការបាត់បង់ជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់។
គួរបញ្ជាក់ថា សមយុទ្ធនេះគឺជាផ្នែកមួយនៃផែនការទូតការពារជាតិប្រចាំឆ្នាំ២០២៦ រវាងប្រទេសទាំងបី ដោយមានការចូលរួមពីកងកម្លាំងជំនាញជាច្រើន ដូចជា៖ ក្រុមឧទ្ធម្ភាគចក្រនៃកងទ័ពអាកាស កងវិស្វកម្ម កងគីមីសាស្ត្រ ក្រុមគ្រូពេទ្យយោធា និងសុនខហិតក្លិនរុករក និងសង្គ្រោះ។