ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើអនុក្រឹត្យអនុញ្ញាតឱ្យពលរដ្ឋវៀតណាមអាចធ្វើដំណើរចូលប្រទេសរុស្ស៊ីដោយមិនចាំបាច់មានទិដ្ឋាការ (Visa) សម្រាប់រយៈពេលស្នាក់នៅរហូតដល់ ៣០ ថ្ងៃ ដែលនឹងចាប់ផ្តើមអនុវត្តផ្លូវការពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៧ នេះបើយោងតាមការចេញផ្សាយដោយភ្នាក់ងារសារព័ត៌មានរុស្សុី Interfax។
តាមប្រភពព័ត៌មាន គោលនយោបាយនេះអនុវត្តចំពោះការធ្វើដំណើរទស្សនកិច្ចគ្រួសារ ពាណិជ្ជកម្ម ទេសចរណ៍ និងការចូលរួមព្រឹត្តិការណ៍ផ្សេងៗ ប៉ុន្តែមិនរ៉ាប់រងលើបុគ្គលដែលចូលទៅធ្វើការងារ (រួមទាំងអ្នកសារព័ត៌មាន) និស្សិត ឬអ្នកទៅតាំងទីលំនៅអចិន្ត្រៃយ៍ឡើយ។
គួរបញ្ជាក់ថា បច្ចុប្បន្ន វៀតណាមក៏បានលើកលែងទិដ្ឋាការ ៤៥ ថ្ងៃជូនជនជាតិរុស្ស៊ីដូចគ្នា ហើយការសម្រួលបន្ថែមនេះត្រូវបានរំពឹងថានឹងជំរុញកំណើនទេសចរណ៍ទ្វេភាគីកាន់តែខ្លាំង បន្ទាប់ពីវៀតណាមទទួលបានភ្ញៀវរុស្ស៊ី ៧៤២,០០០ នាក់ក្នុងឆមាសទី១ ឆ្នាំ២០២៦ និងមានការបើកជើងហោះហើរត្រង់ឡើងវិញរវាងប្រទេសទាំងពីរ៕