ប៉េកាំង៖ ប្រទេសចិនបានថ្កោលទោសការវាយប្រហារថ្មីៗរបស់ក្រុមហ៊ូទី មកលើព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត ដោយបានបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការកើនឡើងនៃជម្លោះរវាងទីក្រុងរីយ៉ាដ និងក្រុមហ៊ូទីនៅយេម៉ែន។ ការព្រួយបារម្ភរបស់ចិននេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ូទីបានបង្កើនការវាយប្រហាររបស់ពួកគេមកលើព្រលានយន្តហោះទីក្រុងរីយ៉ាដ (ដែលមនុស្ស ៣ នាក់ត្រូវបានសម្លាប់នៅទីនោះកាលពីថ្ងៃព្រហស្បតិ៍) ក៏ដូចជាមកលើកន្លែងផលិតប្រេង និងនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងសមុទ្រក្រហម ដែលជាហេតុការណ៍ដ៏សាហាវបំផុតនៅលើទឹកដីអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ និងជាការកើនឡើងយ៉ាងខ្លាំងនៃជម្លោះសង្គ្រាមនៅយេម៉ែន។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា៖ «ប្រទេសចិនថ្កោលទោសការវាយប្រហារដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន ហើយយើងបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃជម្លោះនេះ»។លោកស្រី Mao បានបន្ថែមថា យើងអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យជៀសវាងសកម្មភាពដែលបង្កើនភាពតានតឹងក្នុងតំបន់ និងដោះស្រាយដោយសន្តិវិធី៕