ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានចេញសេចក្តីថ្លែងការណ៍ទាំងយប់ ដើម្បីឆ្លើយតបការចោទប្រកាន់របស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា ដែលថ្លែងប្រាប់សារព័ត៌មានថៃឈ្មោះ Top News និងបានចោទថា «កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ»។អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបដិសេធទាំងស្រុង និង បានបញ្ជាក់ជាថ្មីម្តងទៀតថា គឺភាគីថៃជាអ្នកបាញ់មុន។
ក្នុងសេចក្តីថ្លែងការណ៍ លោក ប៉ែន បូណា បានទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិត៖ ក្នុងករណីដែលលោក សម រង្ស៊ី មិនបាននិយាយដូច្នេះទេ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធជាផ្លូវការចំពោះការផ្សាយព័ត៌មាននេះ។បើពិតជាបាននិយាយមែន លោក សម រង្ស៊ី ត្រូវចេញមុខសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈជាចាំបាច់ពីព្រោះការនិយាយបែបនេះគឺជាអំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរមួយ។ក្នុងករណីដែលលោក សម រង្ស៊ី មិនចេញមុខបដិសេធជាផ្លូវការនូវអ្វីដែលសារព័ត៌មានថៃបានផ្សាយទេ មានន័យថា លោក សម រង្ស៊ី ពិតជាបាននិយាយដូច្នេះមែន។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្ឃឹមថា លោក សម រង្ស៊ី មានសេចក្តីក្លាហានក្នុងការចេញមុខមកបញ្ជាក់រឿងនេះ។