Swift cc time

សម្តេច ហ៊ុន ម៉ាណែត បន្តបើកទ្វារធានាសុវត្ថិភាពជូន លោក អ៊ុំ សំអាន តែលោក អ៊ុំ សំអាន បន្តគេចវេស

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានបន្តចេញសារបើកទ្វារស្វាគមន៍លោក អ៊ុំ សំអាន វិលចូលប្រទេសកម្ពុជា និងប្រកាសធានាសុខសុវត្តិភាពជូនលោក។ប៉ុន្តែលោក អ៊ុំ សំអាន បន្តបដិសេធគេចវេសមិនចូលតាមការអំពាវនាវពីនាយករដ្ឋមន្ត្រីកម្ពុជា។ចំណែកអ្នកជំនាញមើលឃើញខុសគ្នាពីវិវត្តន៍ស្ថានភាពនយោបាយនៅកម្ពុជាពេលនេះ។

ជាថ្មីម្តងទៀត សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់សាជាថ្មី នូវការធានាអំពីសុវត្ថិភាពជូនលោក អ៊ុំ សំអាន និងក្រុមរបស់លោក ក្នុងអំឡុងពេល ដែលលោក និងក្រុមរបស់លោក មានវត្តមាននៅប្រទេសកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក ចាកចេញផុតពីកម្ពុជា។

បើតាមសម្តេច ហ៊ុន ម៉ាណែត យល់ថា ទីកន្លែងជជែកគ្នា គឺការកំណត់យកប្រទេសកម្ពុជាជាកន្លែងជជែកគ្នា គឺមានគោលដៅពីរ ៖ គោលដៅទី១ - គឺដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ជាអាថិ៍អ្នកសារពត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរ រួមទាំងអ្នកគាំទ្រលោក បានចូលរួមស្តាប់និងធ្វើជាសាក្សី នូវការជជែកគ្នានោះ។ ហេតុដូច្នេះ បើលោក អ៊ុំ សំអាន នៅទុកចិត្តនិងផ្តល់តម្លៃអោយប្រជាពលរដ្ឋខ្មែរក្នុងប្រទេស លោកមិនគួរបដិសេធការជជែកគ្នានៅក្នុងប្រទេសកម្ពុជា លើកលែងតែលោកយល់ថាប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសមិនអាចទុកចិត្តបាន ឬមិនមានតម្លៃស្មើសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។

គោលដៅទី២ - គឺខ្ញុំមិនចង់អោយការជជែកគ្នា បានត្រឹមតែជជែកនៅលើតុ ប្រើក្រដាសរៀងៗខ្លួនតែប៉ុណ្ណោះទេ ព្រោះធ្វើបែបនេះវាអត់បានបញ្ជាក់អ្វីច្បាស់លាស់ និងដាច់ស្រេចឡើយ។ វានាំតែខាតពេលវេលា និងអាចអោយកាន់តែច្របូកច្របល់ក្នុងអារម្មណ៍ប្រជាពលរដ្ឋខ្មែរដែលតាមដានករណីនេះ។ ក្នុងករណីដែលការជជែកគ្នានៅលើតុ មិនច្បាស់លាស់ និងដាច់ស្រេច មានតែការផ្ទៀងផ្ទាត់ជាក់ស្តែងនៅលើដីទេទើបអាចផ្តល់ភាពច្បាស់លាស់បាន។ ហេតុដូច្នេះ មានតែការជជែកគ្នានៅក្នុងប្រទេសកម្ពុជាទេ ទើបអនុញ្ញាតអោយយើងចុះទៅផ្ទៀងផ្ទាត់នៅលើដីជាក់ស្តែងក្នុងករណីចាំបាច់។

សម្តេច ហ៊ុន ម៉ាណែត សង្ឃឹមថាលោក អ៊ុំ សំអាន និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជា តាមការអញ្ជើញ ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ នេះក៏ជាការបង្ហាញអំពីកម្រិតនៃការទុកចិត្តនិងការផ្តល់តម្លៃរបស់លោក អ៊ុំ សំអាន ចំពោះប្រជាពលរដ្ឋខ្មែរក្នុងប្រទេសផងដែរ។

ឆ្លើយតបលោក អ៊ុំ សំអាន បានបន្តបដិសេធគេចវេសមិនចូលតាមការអំពាវនាវពីនាយករដ្ឋមន្ត្រីកម្ពុជា។តែលោកបានបង្ហាញពីជំហរចង់សហការជាមួយសម្តេច ហ៊ុន ម៉ាណែត ចាប់ដៃគ្នាប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ដើម្បីទាមទារទឹកដីខ្មែរមកវិញ ជាជាងការជជែកដេញដោលគ្នាយកចាញ់ឈ្នះរវាងខ្មែរ និងខ្មែរ។លោកថា "ការជជែកដេញដោលគ្នា បើខ្ញុំចាញ់ឬលោក ហ៊ុន ម៉ាណែត ចាញ់ ក៏កម្ពុជាមិនបានទឹកដីខ្មែរ៨១ទីតាំងពីថៃមកវិញនោះទេ។ មានតែការសហការគ្នានិងខ្មែរមានឯកភាពជាតិទេ ទើបកម្ពុជាឈ្នះថៃនិងអាចដណ្តើមទឹកដីខ្មែរត្រឡប់មកវិញ"។

ចំណែកអ្នកជំនាញមើលឃើញខុសគ្នាពីវិវត្តន៍ស្ថានភាពនយោបាយនៅកម្ពុជាពេលនេះ។លោកបណ្ឌិត មាស នី អ្នក​ស្រាវជ្រាវពីការអភិវឌ្ឍសង្គមថា "បើក្រុមអ្នកនយោបាយខ្មែរពិតជាមានចេតនា ចង់ជួបជែកគ្នាលើរឿងព្រំដែន ឫដោះស្រាយរឿងជាតិ ជំនួបនៅប្រទេសទីបីណាមួយ គឺជាជម្រើសដ៏ល្អ។ការបន្តរអំនួតរៀងខ្លួន តែធ្វើអ្វីមិនកើត ឬមិនចេញ វាគ្រាន់តែធ្វើឱ្យអ្នកជិតខាងយើងគេសើចចំអកឱ្យយើងតែប៉ុណ្ណោះ"។

ចំណែកលោកបណ្ឌិត គិន ភា អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ អំពាវនាវយ៉ាងទទូចដល់លោក អ៊ុំ សំអាន ចូលស្រុកពិភាក្សារឿងព្រំដែន តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី។សម្រាប់អ្នកជំនាញ ចាត់ទុកថា គឺជាឱកាសដ៏សមស្របមួយសម្រាប់​ផ្ទៀងផ្ទាត់ភស្តុតាង ​បំភ្លឺការពិត និង​បង្ហាញការទទួលខុសត្រូវចំពោះជាតិ ទឹកដី និងប្រជាជន៕

Khcct banner

អត្ថបទទាក់ទង