Swift cc time

បណ្ឌិត គិន ភា ជំរុញឱ្យលោក អ៊ុំ សំអាន ចូលស្រុកពិភាក្សា«រឿងព្រំដែន»តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកបណ្ឌិត គិន ភា គឺជាអ្នកសិក្សាស្រាវជ្រាវ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា គឺជាអ្នកសិក្សាស្រាវជ្រាវ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ អំពាវនាវយ៉ាងទទូចដល់លោក អ៊ុំ សំអាន ចូលស្រុកពិភាក្សារឿងព្រំដែន តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី។សម្រាប់អ្នកជំនាញ ចាត់ទុកថា គឺជាឱកាសដ៏សមស្របមួយសម្រាប់​ផ្ទៀងផ្ទាត់ភស្តុតាង ​បំភ្លឺការពិត និង​បង្ហាញការទទួលខុសត្រូវចំពោះជាតិ ទឹកដី និងប្រជាជន។

លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា តាំងពីឆ្នាំ២០១៥មក អស់រយៈពេលជាង១០​ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលនិងអ្នកនយោបាយប្រឆាំងឈ្លោះគ្នារឿងទឹកដីនិងព្រំដែន តែនៅលើប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញសង្គម ពួកគេមិនដែលមកជជែកតតាំងគ្នាទល់មុខគ្នាម្តងណាសោះឡើយ។បញ្ហាព្រំដែន ជាបញ្ហាអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិដ៏សំខាន់បំផុត ដែលត្រូវដោះស្រាយដោយផ្អែកលើមូលដ្ឋានប្រវត្តិសាស្ត្រ សន្ធិសញ្ញា ផែនទី ឯកសារច្បាប់អន្តរជាតិ និងភស្តុតាងបច្ចេកទេសច្បាស់លាស់។ បញ្ហានេះមិនអាចយកការសន្និដ្ឋានផ្ទាល់ខ្លួន ការចោទប្រកាន់ដែលខ្វះភស្តុតាង ឬវោហាស័ព្ទនយោបាយ មកជំនួសការវិភាគបែបវិទ្យាសាស្ត្រនិងការពិចារណាតាមផ្លូវច្បាប់បានឡើយ។

បើតាមលោកបណ្ឌិត គិន ភា រាជរដ្ឋាភិបាល មានកាតព្វកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី ចំណែកអ្នកនយោបាយប្រឆាំងក៏មានសិទ្ធិ និងការទទួលខុសត្រូវក្នុងការត្រួតពិនិត្យ រិះគន់ និងផ្តល់យោបល់បែបស្ថាបនាដែរ។ ប៉ុន្តែ ការរិះគន់ត្រូវឈរលើភស្តុតាង ភាពស្មោះត្រង់ខាងវិទ្យាសាស្ត្រនិងបច្ចេកទេស និងផលប្រយោជន៍ជាតិពិតប្រាកដ។ ការប្រឆាំងរាជរដ្ឋាភិបាល មិនគួរប្រែក្លាយទៅជាការបង្កើតការយល់ច្រឡំ ការបំបែកបំបាក់ជាតិ ឬការយកបញ្ហាអធិបតេយ្យជាតិធ្វើជាឧបករណ៍កេងចំណេញនយោបាយឡើយ។

លោកបណ្ឌិត គិន ភា ថ្លែងថា " ក្នុងន័យនេះ ខ្ញុំចង់ឃើញលោក អ៊ុំ សំអាន និងក្រុមរបស់លោក ទទួលយកការអញ្ជើញនេះ ដោយនាំយកឯកសារ ផែនទី និងភស្តុតាងដែលលោកមាន មកពិភាក្សា​និងផ្ទៀងផ្ទាត់ជាមួយអ្នកជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល ក្នុងបរិយាកាសបើកចំហ ស្មើភាព មានសុវត្ថិភាព និងការទទួលខុសត្រូវក្នុងមហាគ្រួសារខ្មែរ។ ប្រសិនបើការអះអាងរបស់លោកមានមូលដ្ឋានត្រឹមត្រូវ នោះគឺជាការរួមចំណែកដ៏សំខាន់ដល់ការការពារផលប្រយោជន៍ជាតិ។ ក៏ប៉ុន្តែ ប្រសិនបើភស្តុតាងរបស់លោកមិនអាចគាំទ្រការអះអាងរបស់លោកបាននោះទេ, លោកក៏គួរមានភាពក្លាហានទទួលស្គាល់និងកែតម្រូវដែរ។ ការពិតត្រូវកំណត់ដោយភស្តុតាង មិនមែនដោយជំហរនយោបាយឬការសន្និដ្ឋានបែបអត្តនោម័តនោះឡើយ។"

គួរបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១០ តុលានេះ បានប្រកាសបើកឱកាសមាសសម្រាប់លោក អ៊ុំ សំអាន និងក្រុមលោក បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែន។ការប្រកាសនេះ ក្រោយពីសម្តេច បើកឃើញថា លោក អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារ ដែលបានផ្សាព្វផ្សាយពីរឿងព្រំដែនដោយគ្មានមូលដ្ឋានត្រឹមត្រូវ បច្ចុប្បន្នបានតាំងខ្លួនសាជាថ្មីជាអ្នកជំនាញព្រំដែន។លោកបាននិងកំពុងបន្តនិយាយច្រើនពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់ដូចមុនដែរ។ ប៉ុន្មានថ្ងៃ ចុងក្រោយនេះ ឃើញគាត់លើកអំពីករណីព្រំដែន​​ កម្ពុជា-ថៃ​ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដោយចោទប្រកាន់ថាការបោះបង្គោលបណ្តោះអាសន្នដែលបានធ្វើដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និង​ថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាព និង​អំណាច៕

Khcct banner

អត្ថបទទាក់ទង