Swift cc time

អាជ្ញាធរក្រុងហូជីមិញ ប្រកាសផ្តល់សេវាបង្កកំណើតក្រៅស្បូន (IVF) ដោយឥតគិតថ្លៃជូន ពលរដ្ឋ ៦០ គ្រួសារ ដើម្បីឆ្លើយតបនឹងវិបត្តិធ្លាក់ចុះនៃអត្រាកំណើត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហូជីមិញ៖ អាជ្ញាធរទីក្រុងហូជីមិញ ប្រទេសវៀតណាម បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើគម្រោង «Nurturing Happiness» ឆ្នាំ២០២៦-២០២៧ ដើម្បីផ្តល់ការពិនិត្យ និងព្យាបាលជំងឺអសមត្ថភាពបង្កកំណើតដោយវិធី IVF ដោយឥតគិតថ្លៃ ១០០ភាគរយ ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៦០ គ្រួសារ។ វិធានការនេះធ្វើឡើងក្នុងគោលបំណងជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងការធ្លាក់ចុះខ្លាំងនៃអត្រាកំណើតនៅក្នុងទីក្រុង។នេះបើយោងតាមការចេញផ្សាយរបស់កាសែតTuoi Tre News។

យោងតាមអនុនាយកដ្ឋានប្រជាជនទីក្រុងហូជីមិញ ទីក្រុងនេះ មានប្រជាជនជាង ១៤ លាននាក់និងកំពុងប្រឈមមុខនឹងវិបត្តិប្រជាសាស្ត្រធំៗពីរក្នុងពេលតែមួយ គឺអត្រាកំណើតធ្លាក់ចុះទាបបំផុត និងកំណើននៃចំនួនប្រជាជនវ័យចំណាស់យ៉ាងរហ័ស។ នៅក្នុងឆ្នាំ២០២៥ អត្រាកំណើតមធ្យមនៅក្នុងទីក្រុងនេះមានត្រឹមតែ ១,៥១ នាក់ប៉ុណ្ណោះក្នុងស្ត្រីម្នាក់ ហើយត្រូវបានព្យាករណ៍ថានឹងបន្តស្ថិតក្នុងកម្រិតទាប ១,៥១ ដល់ ១,៥២ នាក់នៅក្នុងឆ្នាំ២០២៦ ដោយគ្មានសញ្ញាងើបឡើងវិញឡើយ។

អ្នកជំនាញបានចង្អុលបង្ហាញថា បញ្ហាអសមត្ថភាពបង្កកំណើត (Infertility) រួមផ្សំជាមួយតម្លៃព្យាបាល IVF ដ៏ខ្ពស់ ក៏ជាកត្តារាំងស្ទះចម្បងមួយដែលធ្វើឱ្យប្តីប្រពន្ធក្រីក្រជាច្រើនត្រូវបោះបង់ក្ដីសង្ឃឹមយកកូន។

ដើម្បីដោះស្រាយបញ្ហានេះ មន្ទីរពេទ្យទូទៅ My Duc រួមជាមួយសហព័ន្ធពលកម្ម និងសហពន្ធនារីទីក្រុង នឹងរ៉ាប់រងចំណាយទាំងអស់ចាប់តាំងពីការពិនិត្យដំបូង ការពពោះសិប្បនិម្មិត រហូតដល់ការតាមដានសុខភាពគភ៌បានអាយុ ៩ សប្តាហ៍។ កម្មវិធីមនុស្សធម៌នេះបានឈានចូលដល់ឆ្នាំទី១៣ ហើយ ដោយបានជួយគ្រួសារខ្វះខាតជាច្រើនឱ្យសម្រេចបំណងប្រាថ្នាក្លាយជាឪពុកម្តាយ ព្រមទាំងរួមចំណែកលើកកម្ពស់គុណភាព និងរក្សាសតុល្យភាពប្រជាជនក្នុងទីក្រុង៕

Khcct banner

អត្ថបទទាក់ទង