វៀងចន្ទន៍៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Lê Minh Hưng ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទៅដល់រដ្ឋធានីវៀងចន្ទន៍ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasith។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងបញ្ជាក់ជាថ្មីនូវ «មិត្តភាពដែកថែប» និងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព។
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលទាំងពីរនឹងដឹកនាំជំនួបភាក្សាការងារទ្វេភាគី ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់បណ្តាខែបន្តបន្ទាប់ក្នុងឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចផ្លូវការនេះ ត្រូវបានរំពឹងថានឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនឡាវ និងវៀតណាម។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់បេសកកម្មនៅប្រទេសឡាវ លោក Lê Minh Hưng នឹងបន្តអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦៕