Swift cc time

ចិន ថាធ្លាប់ព្យាយាមលួងលោមឧក្រិដ្ឋជនធំៗនៅភូមា ៣ដង ឱ្យឈប់ធ្វើអាជីវកម្មឆបោក មុនឈានដល់ការបង្រ្កាបកម្ទេចទាំងស្រុង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានទម្លាយព័ត៌មានលម្អិតនៅក្នុងភាពយន្តឯកសារថ្មីមួយថា អាជ្ញាធរចិនធ្លាប់បានព្យាយាមបញ្ជុះបញ្ចូល និងចរចាជាមួយក្រុមត្រកូលឧក្រិដ្ឋជនធំៗនៅភាគខាងជើងប្រទេសភូមាចំនួន ៣ លើក ដើម្បីឱ្យពួកគេបោះបង់អាជីវកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសន្តិវិធី និងស្ម័គ្រចិត្ត មុនពេលឈានដល់ការអនុវត្តវិធានការច្បាប់យ៉ាងក្តៅគគុក និងការវាយកម្ទេចបណ្តាញទាំងនោះជាស្ថាពរ ក្រោមការសហការពីសមត្ថកិច្ចភូមា កាលពីឆ្នាំ២០២៣។

ឧក្រិដ្ឋជនធំៗត្រកូល Ming

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ទោះបីជាមានការអំពាវនាវ ការដាស់តឿន និងការផ្តល់ឱកាសពីភាគីចិនជាច្រើនលើក ក៏ក្រុមឧក្រិដ្ឋជនទាំងនោះនៅតែបន្តធ្វើសកម្មភាពឆបោក ដោយបន្តកេងប្រវ័ញ្ច ធ្វើទារុណកម្ម និងបង្ខាំងពលរដ្ឋចិន និងជនបរទេសជាច្រើននាក់ឱ្យធ្វើសកម្មភាពឆបោកដដែល។ ការបដិសេធមិនព្រមបញ្ឈប់សកម្មភាពខុសច្បាប់តាមការសម្រុះសម្រួលនេះ បានបង្ខំឱ្យអាជ្ញាធរអនុវត្តច្បាប់ចិន បង្កើនកិច្ចសហប្រតិបត្តិការឆ្លងដែនជាមួយអាជ្ញាធរភូមា ដើម្បីបើកប្រតិបត្តិការបង្ក្រាបផ្ទាល់តែម្តង។

ឧក្រិដ្ឋជនធំៗត្រកូលBai

ជាលទ្ធផលនៃប្រតិបត្តិការរួមគ្នាបន្ទាប់ពីការចរចាបរាជ័យ ត្រកូលឧក្រិដ្ឋជនធំៗនៅក្នុងតំបន់កូកាំង (Kokang) រួមមានត្រកូល Ming និង Bai ត្រូវបានកម្ទេចទាំងស្រុង។ មេខ្លោង និងសមាជិកជាន់ខ្ពស់ជាច្រើនរូបត្រូវបានចាប់ខ្លួន បញ្ជូនមកកាន់ប្រទេសចិន ហើយត្រូវ បានតុលាការចិន ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងទោសប្រហារជីវិតជាបន្តបន្ទាប់ ដែលជាការបញ្ចប់យុគសម័យនៃសំបុកឆបោកខ្នាតធំនៅតាមព្រំដែនចិន-ភូមា។

គួរបញ្ជាក់ថា ក្រសួងសន្តិសុខសាធារណៈចិន និងទូរទស្សន៍មជ្ឈិមចិន (CCTV) កាលពីថ្ងៃចន្ទបានចេញផ្សាយ ភាពយន្តឯកសារដែលមាន ៣ ភាគ បង្ហាញពីឧបសគ្គស្មុគស្មាញជាច្រើន ដែលអាជ្ញាធរចិនបានជួបប្រទះ ក្នុងការតាមដាន និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្ម និងក្រុមឆបោកតាមអ៊ីនធឺណិតដែលកំពុងប្រតិបត្តិការនៅតាមបណ្តោយព្រំដែនភាគខាងជើងប្រទេសភូមា៕

Khcct banner

អត្ថបទទាក់ទង