Swift cc time

អតីតប្រធានចារកម្ម អាល្លឺម៉ង់ត្រូវបានចាប់ខ្លួនពីបទចារកម្ម និងក្បត់ជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាល្លឺម៉ង់៖ ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់បានឱ្យដឹងថា លោក August Hanning ដែលជាអតីតប្រធានចារកម្មអាល្លឺម៉ង់ ត្រូវបានចាប់ខ្លួនជាប់ការសង្ស័យថាបានប្រព្រឹត្តអំពើចារកម្ម ក្បត់ជាតិ និងការផ្តល់ព័ត៌មានសម្ងាត់ប្រទេសដល់ប្រទេសពាក់ព័ន្ធ។ លោក Hanning ធ្លាប់ដឹកនាំទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធ (BND) ចាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៥ ហើយចាប់តាំងពីពេលនោះមក លោកបានបម្រើការជាទីប្រឹក្សាឯកជន។ លោក Hanning ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកក្នុងទីក្រុង Nordwalde លោកនឹងត្រូវបង្ហាញខ្លួននៅតុលាការនៅថ្ងៃពុធនេះ។

ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់ថា លោកបានប្រើប្រាស់ព័ត៌មានស៊ើបការណ៍សម្ងាត់ ដើម្បី "រៀបចំសេចក្តីវិភាគ" ជូនដល់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសមួយ និងបានរក្សាទំនាក់ទំនងជាមួយទីភ្នាក់ងារចារកម្មបរទេសមួយផ្សេងទៀត។ អ្នកស៊ើបអង្កេតមិនបានបញ្ជាក់ឱ្យដឹងថា តើប្រទេសណាខ្លះដែលពាក់ព័ន្ធនោះទេ។

បើតាម BBC ប៉ូលិសក៏បានចាប់ខ្លួនលោក Manfred D ដែលជាអតីតបុគ្គលិករបស់ BND ផងដែរ ដោយចោទប្រកាន់គាត់ថាបានប្រគល់ឯកសារសម្ងាត់ប្រហែល ២,០០០ ច្បាប់ទៅឱ្យលោក Hanning ដើម្បីជាថ្នូរនឹងបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ត្រឡប់មកវិញ។ លោក Manfred D ដែលធ្លាប់ជាប្រធានការិយាល័យរបស់លោក Hanning និងបានបន្តធ្វើការនៅ BND រហូតដល់ឆ្នាំនេះ ត្រូវបានចោទប្រកាន់ពីបទជួយសម្រួលដល់ការប៉ុនប៉ងក្បត់ជាតិ និងការប្រព្រឹត្តអំពើចារកម្មក្បត់ជាតិ៕ 

Khcct banner

អត្ថបទទាក់ទង