ហាណូយ៖ លោក Tran Van Thong អនុប្រធានក្រុមការងារទំនាក់ទំនង និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមមិត្តភាពវៀតណាម-កម្ពុជា បានមើលឃើញពីផែនការយុទ្ធសាស្ត្រអាទិភាពចំនួន ៣ ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមឱ្យឈានដល់គោលដៅ ២០ ប៊ីលានដុល្លារ។ជាផែនការ មុនពេលដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung មកកាន់កម្ពុជា។
លោក Tran Van Thong បានថ្លែងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាម កាលពីឆ្នាំ២០២៥ សម្រេចបាន ១១.៣៣ ប៊ីលានដុល្លារ ខណៈរំពឹងថានឹងកើនដល់ ១៣ ប៊ីលានដុល្លារសម្រាប់ឆ្នាំ២០២៦។តែដើម្បីសម្រេចបានគោលដៅពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ លោក Tran Van Thong បានសង្កត់ធ្ងន់លើអាទិភាពគន្លឹះចំនួន ៣ រួមមាន៖ ទី១. ការពង្រឹងការដឹកជញ្ជូន និងឡូជីស្ទីក (Logistics) តាមរយៈការបើកច្រកទ្វារព្រំដែនថ្មីៗ និងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឆ្លងដែន, ទី២. ការសម្រួលពាណិជ្ជកម្មព្រំដែន ដោយកែទម្រង់នីតិវិធីចេញ-ចូល ពង្រីកការធ្វើបោសសម្អាតគយតាមអេឡិចត្រូនិក និងប្រព័ន្ធឃ្លាំងត្រជាក់ (Cold Chain), និងទី៣. ការភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ ដោយផ្លាស់ប្តូរពីការទិញលក់ទំនិញធម្មតា ទៅជាកិច្ចសហប្រតិបត្តិការលើការកែច្នៃ និងចែកចាយរួមគ្នា ដើម្បីបង្កើតតម្លៃបន្ថែម។
បន្ថែមពីលើទិដ្ឋភាពសេដ្ឋកិច្ច លោកក៏បានលើកឡើងពីសារសំខាន់នៃ «ការទូតប្រជាជន និងប្រជាជន» ដែលជាគ្រឹះសង្គមដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦ នេះ សមាគមមិត្តភាពវៀតណាម-កម្ពុជា គ្រោងនឹងពង្រីកការផ្លាស់ប្តូរទស្សនកិច្ច រៀបចំវេទិកាធុរកិច្ច បន្តកម្មវិធី «បណ្ដុះមិត្តភាព» និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណ ១០០ នាក់ ដើម្បីអប់រំយុវជនជំនាន់ក្រោយអំពីមិត្តភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រវែងឆ្ងាយ៕