Swift cc time

ចិន ថាកំពុងតែពិភាក្សាគ្នាយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ីជុំវិញការស្លាប់អ្នកវិទ្យាសាស្រ្តម្នាក់នៅស៊ីបេរី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន 

ចិន៖ រដ្ឋាភិបាលចិនបានបញ្ជាក់ថាខ្លួនកំពុងរក្សាការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី ក្នុងការបង្ការ និងគ្រប់គ្រងជំងឺឆ្លង បន្ទាប់ពីមានករណីសង្ស័យផ្ទុះជំងឺប៉េស្តប្រភេទប៉ះពាល់សួតនៅតំបន់ Irkutsk នៃដែនដីស៊ីបេរី ប្រទេសរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងពីកិច្ចសហប្រតិបត្តិការនេះ ស្របពេលដែលការព្រួយបារម្ភអំពីសុខភាពសាធារណៈកំពុងកើនឡើងនៅក្នុងតំបន់។

ការឆ្លើយតបរបស់ទីក្រុងប៉េកាំងបានធ្វើឡើងបន្ទាប់ពីបុគ្គលិកមន្ទីរពិសោធន៍វ័យ ២៨ ឆ្នាំម្នាក់នៅវិទ្យាស្ថានស្រាវជ្រាវប្រឆាំងជំងឺប៉េស្តក្នុងតំបន់ Irkutsk បានបាត់បង់ជីវិតដោយសារអាការៈរលាកសួតធ្ងន់ធ្ងរ។ រាយការណ៍ក្នុងស្រុកមិនទាន់ផ្លូវការឱ្យដឹងថា អ្នកស្រាវជ្រាវរូបនោះអាចបានឆ្លងបាក់តេរីបន្ទាប់ពីធ្វើឱ្យបែកបំពង់ពិសោធន៍ ហើយហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សជិត ២០០ នាក់ដែលបានប៉ះពាល់ផ្ទាល់ ត្រូវដាក់ឱ្យស្ថិតក្រោមការតាមដានសុខភាពយ៉ាងម៉ឺងម៉ាត់។

ទោះបីជាតំបន់ Irkutsk មិនមានព្រំដែនជាប់ចិនផ្ទាល់ ប៉ុន្តែវាជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស និងផ្លូវរថភ្លើងដ៏សំខាន់ដែលតភ្ជាប់ទៅកាន់ទីក្រុងជាច្រើនក្នុងប្រទេសចិន។ គួររំលឹកថា កាលពីមួយខែមុន វិទ្យាស្ថាននេះ និងអាជ្ញាធរចិនទើបតែបានបញ្ចប់ការធ្វើតេស្តសាកល្បងរួមគ្នាក្នុងការឆ្លើយតបអាសន្ន និងការគ្រប់គ្រងជំងឺឆ្លងតាមព្រំដែន។ ដោយឡែក ក្រសួងសុខាភិបាលម៉ុងហ្គោលីបានវាយតម្លៃហានិភ័យនៃហេតុការណ៍នេះថាស្ថិតក្នុងកម្រិត «ទាប» នៅឡើយ ប៉ុន្តែនៅតែបន្តពង្រឹងការតាមដានសុខភាព និងសន្តិសុខនៅតាមព្រំដែនជាប់រុស្ស៊ី៕

Khcct banner

អត្ថបទទាក់ទង