ប៉េកាំង៖ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយព័ត៌មានលម្អិតអំពីប្រវត្តិឧក្រិដ្ឋកម្មរបស់ លោក ស៊ឺ ហ្ស៊ីជាំង (She Zhijiang) មេខ្លោងបណ្តាញល្បែងអនឡាញ និងឧក្រិដ្ឋកម្មឆបោកឆ្លងដែនដ៏ធំ។ តាមការបញ្ជាក់របស់ CCTV លោក She Zhijiang ធ្លាប់បានចូលរួមបង្កើតវេទិកាល្បែងអនឡាញខុសច្បាប់នៅចិន ហើយបន្ទាប់ពីសមាជិកសំខាន់ៗត្រូវបានចាប់ខ្លួន លោកបានរត់គេចខ្លួនទៅស្នាក់នៅ ហ្វីលីពីន រួចបង្កើតបណ្តាញឡើងវិញ ដោយបើកវេទិការល្បែងអនឡាញជាង ២០០ ដើម្បីបោកបញ្ឆោតពលរដ្ឋចិន។
រហូតដល់ខែកញ្ញា ឆ្នាំ២០១៧ លោក She Zhijiang ចាប់ផ្តើមគម្រោង Yatai New City នៅតំបន់ម្យ៉ាវ៉ាឌី (Myawaddy) ប្រទេសមីយ៉ាន់ម៉ា ដើម្បីពង្រីកបណ្តាញអាជីវកម្មខុសច្បាប់ជ្រកក្រោមលេសអភិវឌ្ឍន៍ ដែលពាក់ព័ន្ធទាំងល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Cyber Scam)។
ការស៊ើបអង្កេតរបស់ប៉ូលិសក្រុងណានជីង រកឃើញថា ទីតាំងជាច្រើនក្នុងគម្រោង Yatai New City បានបង្កឱ្យមានជនរងគ្រោះជាច្រើននៅចិន ខណៈក្រុមឧក្រិដ្ឋជនទាំងនោះត្រូវបង់ថ្លៃឈ្នួល និងកម្រៃជើងសារយ៉ាងខ្ពស់ជាប្រចាំទៅឱ្យបណ្តាញរបស់លោក ដើម្បីទទួលបានទីតាំងប្រតិបត្តិការ និងសេវាគាំទ្រផ្សេងៗ។
ជាការឆ្លើយតប ក្រសួងសន្តិសុខសាធារណៈចិន បានស្នើឱ្យអង្គការប៉ូលិសអន្តរជាតិ (Interpol) ចេញ និវេទន៍ក្រហម (Red Notice) នៅខែឧសភា ឆ្នាំ២០២១ រហូតឈានដល់ការចាប់ខ្លួនរូបលោកដោយប៉ូលិសថៃនៅទីក្រុងបាងកក កាលពីខែសីហា ឆ្នាំ២០២២។ គួរបញ្ជាក់ថា និវេទន៍ក្រហម (Red Notice) របស់អង្គការប៉ូលិសអន្តរជាតិ (Interpol) គឺជា «ការជូនដំណឹង ឬស្នើសុំឱ្យតាមស្វែងរក និងចាប់ខ្លួនជនសង្ស័យ» ជាអន្តរជាតិ ប៉ុន្តែមិនមែនជា «ដីកាចាប់ខ្លួនអន្តរជាតិ (International Arrest Warrant)» នោះទេ។
តាម CCTV បានឱ្យដឹងបន្ថែមថា លោក She Zhijiang ធ្លាប់ដាក់រហស្សនាមឱ្យខ្លួនឯងថា «Jiang Hu Ge» (មានន័យថា បងធំក្នុងសង្គមអ្នកលេង) និងបានព្យាយាមបង្កើតរូបភាពជា «អ្នកជំនួញជោគជ័យ» ដើម្បីបិទបាំងសកម្មភាពលាងលុយ និងឧក្រិដ្ឋកម្មខុសច្បាប់របស់ខ្លួន៕