អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសពីការបើកដំណើរការរោងចក្រផលិតនាវាការពារជាតិថ្មីមួយដែលមានឈ្មោះថា "Arsenal Two" តម្លៃ ៦,៦ ពាន់លានដុល្លារ នៅតំបន់ Sparrows Point ក្នុងទីក្រុង Baltimore។ រោងចក្រនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Anduril Industries ដែលមានស្ថាបនិកឈ្មោះ Palmer Luckey ជាអ្នករៃអង្គាសថវិកា និងបរិច្ចាគថវិកាដ៏ច្រើនប្រមាណ ៥,៩ លានដុល្លារដល់គណបក្សសាធារណរដ្ឋចាប់តាំងពីឆ្នាំ ២០១៧ ហើយថ្មីៗនេះរូបគេក៏ត្រូវ បានតែងតាំងជាទីប្រឹក្សាគម្រោង "Project Meridian" របស់មន្ទីរបញ្ចកោណ។
គម្រោងរោងចក្រផលិតនាវានេះទទួលបានការផ្តល់មូលនិធិរួមគ្នារវាងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកចំនួន ២,៩ ពាន់លានដុល្លារពីកងទ័ពជើងទឹក និងថវិកាឯកជនចំនួន ៣,៧ ពាន់លានដុល្លារ ដោយមានគោលដៅផលិតបំពង់បាញ់គ្រាប់បែកតូរពីដូ (torpedo tubes) និងផ្នែកផ្សេងៗនៃនាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Virginia-class ដើម្បីឆ្លើយតបនឹងអាទិភាព "កងនាវាដ៏អស្ចារ្យ" របស់លោក ត្រាំ។
ទោះបីជាក្រុមហ៊ុន Anduril មិនធ្លាប់មានបទពិសោធន៍ផលិតនាវាមុជទឹកពីមុនមកក៏ដោយ លោក Hung Cao ស្តីទីរដ្ឋមន្ត្រីក្រសួងកងទ័ពជើងទឹក បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះភាពជាដៃគូនេះ ដោយលោកបានកោតសរសើរពីសមត្ថភាពក្នុងការជម្នះឧបសគ្គរដ្ឋបាល និងបានសង្កត់ធ្ងន់លើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលលោក Trump ហៅថា "បញ្ញាដ៏អស្ចារ្យ" (super intelligence) សម្រាប់ពង្រឹងសមត្ថភាពយោធាអាម៉េរិក។
គម្រោងខ្នាតយក្សនេះនឹងបង្កើតការងារផ្ទាល់ចំនួន ៣,១០០ កន្លែង ការងារប្រយោលជាង ១១,០០០ កន្លែង និងចូលរួមជំរុញទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំរហូតដល់ ២ ពាន់លានដុល្លារ ព្រមទាំងផ្តល់ប្រាក់បៀវត្សរ៍ប្រមាណ ៣១២ លានដុល្លារក្នុងមួយឆ្នាំៗ។ រោងចក្រ Arsenal-2 នឹងទទួលបន្ទុកផលិតបំពង់បាញ់គ្រាប់បែកតូរពីដូ (torpedo tubes) និងផ្នែកធំៗនៃនាវាមុជទឹក ដើម្បីបញ្ជូនទៅកាន់ក្រុមហ៊ុន General Dynamics Electric Boat និង Newport News Shipbuilding ធ្វើការដំឡើងចុងក្រោយ។ រោងចក្រនេះនឹងគ្រប់គ្រងដោយប្រព័ន្ធប្រតិបត្តិការឌីជីថល ArsenalOS ដែលភ្ជាប់គ្រប់ដំណើរការផលិតកម្ម ហើយរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការដំបូងនៅឆ្នាំ ២០៣០។ ដើម្បីពន្លឿនការងារ ក្រុមហ៊ុន Anduril បានចាប់ផ្តើមបង្កើនសមត្ថភាពផលិតកម្ម និងបណ្តុះបណ្តាលបុគ្គលិករួចជាស្រេចនៅឯរោងចក្រក្នុង Orange County រដ្ឋ California ដើម្បីទទួលបានប្រៀបប្រតិបត្តិការមុន ២ ឆ្នាំ មុនពេល Arsenal-2 បើកដំណើរការផ្លូវការ៕