Swift cc time

ជនបរទេសម្នាក់ ធ្វើដំណើរ ៦៤ ប្រទេស ប៉ុន្តែសម្រស់កម្ពុជាបាន«ឆក់យកបេះដូង» រហូតសម្រេចចិត្តយកធ្វើជាផ្ទះទី២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

កម្ពុជា៖ ភ្ញៀវទេសចរបរទេសម្នាក់ បានចែករំលែកបទពិសោធផ្ទាល់ខ្លួនដ៏មានអត្ថន័យមួយ ចុះផ្សាយនៅលើគេហទំព័រ Business Insider ដោយបានបង្ហាញពីក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា។ តាមការរៀបរាប់ អ្នកស្រីបានធ្វើដំណើរឆ្លងកាត់រហូតដល់ ៦៤ ប្រទេសជុំវិញពិភពលោក ប៉ុន្តែចុងក្រោយបានសម្រេចចិត្តជ្រើសរើស «ក្រុងសៀមរាប» របស់កម្ពុជា ធ្វើជាផ្ទះទីពីរ និងជាទីកន្លែងរស់នៅយ៉ាងមានក្ដីសុខជាមួយស្វាមី លើទឹកដីកម្ពុជា។

ថ្លែងក្នុង Business Insider អ្នកស្រី Sonya Moore ជាជាងថតរូបឯករាជ្យ គ្រូបង្រៀនយ៉ូហ្គា និងជាអ្នកនិពន្ធ បានរៀបរាប់ថា ដំណើរដើមទងនៃការធ្លាក់ក្នុងអន្លង់ស្នេហ៍ទីក្រុងប្រវត្តិសាស្ត្រមួយនេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ តាមរយៈការមកទស្សនាប្រាសាទអង្គរវត្ត។ ភាពស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ ភាពរួសរាយរាក់ទាក់របស់ពលរដ្ឋកម្ពុជា ព្រមទាំងសម្រស់ដងស្ទឹងសៀមរាប បានទាក់ទាញចិត្តអ្នកស្រី ឱ្យត្រឡប់មកវិញជាបន្តបន្ទាប់ រហូតដល់ការសម្រេចចិត្តរស់នៅរយៈពេលវែង។

នៅក្នុងអត្ថបទនោះ អ្នកស្រីក៏បានរៀបរាប់ពីភាពងាយស្រួល និងភាពសម្បូរបែបនៃការរស់នៅក្នុងក្រុងសៀមរាប ដែលមានទាំងហាងកាហ្វេ កន្លែងស្នាក់នៅតម្លៃសមរម្យ អាហារបរទេសឆ្ងាញ់ៗ ថ្នាក់បង្រៀនយ៉ូហ្គា និងសហគមន៍អ្នកជិតខាងដែលមានទឹកមុខញញឹមជានិច្ច។ អ្នកស្រីបានបន្ថែមថា បច្ចុប្បន្ន តម្លៃនៃការស្នាក់នៅកាន់តែមានភាពអំណោយផល និងធូរថ្លៃជាងមុន ហើយទីក្រុងនេះបានផ្តល់នូវ «សេរីភាពដែលបំផុសគំនិតច្នៃប្រឌិត» សម្រាប់អ្នកស្រីជាអ្នកថតរូប និងជាអ្នកនិពន្ធ ខណៈស្វាមីរបស់អ្នកស្រី កំពុងរីករាយនឹងជីវិតចូលនិវត្តន៍មុនអាយុ។

ក្រៅពីការរស់នៅយ៉ាងមានក្ដីសុខក្នុងក្រុងសៀមរាប អ្នកស្រី និងស្វាមី ក៏បានធ្វើដំណើរកម្សាន្តនៅតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ដូចជាការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ដ៏អស្ចារ្យនៅលើឆ្នេរខ្សាច់សក្បុសលើកោះរ៉ុង ការធ្វើដំណើរមកកម្សាន្តនៅរាជធានីភ្នំពេញ និងការរុករកសម្រស់ធម្មជាតិព្រៃឈើនៃជួរភ្នំក្រវាញ។

ជាចុងក្រោយ អ្នកស្រីបានគូសបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាជាដែនដីដែលមានតំបន់ទេសចរណ៍ និងភាពស្រស់ស្អាតជាច្រើនទៀត ដែលអ្នកស្រីមិនចេះធុញទ្រាន់ក្នុងការស្វែងយល់ឡើយ៕

Khcct banner

អត្ថបទទាក់ទង