វ៉ាស៊ីនតោន៖ យោធាអាម៉េរិកប្រចាំនៅកោះ Okinawa ប្រទេសជប៉ុន បានប្រកាសផ្អាកប្រតិបត្តិការរយៈពេលពីរថ្ងៃ ដោយដាក់កម្រិតមិនឱ្យទាហានចាកចេញពីមូលដ្ឋាន និងតម្រូវឱ្យមានការបណ្តុះបណ្តាលឡើងវិញលើផ្នែកវិន័យ និងស្តង់ដារប្រតិបត្តិការ បន្ទាប់ពីទាហានម៉ារីនអាម៉េរិកម្នាក់ត្រូវបានប៉ូលិសជប៉ុនចាប់ខ្លួនពីបទសង្ស័យថាបានសម្លាប់ស្ត្រីក្នុងតំបន់ម្នាក់។ ការផ្អាកប្រតិបត្តិការរយៈពេល ៤៨ ម៉ោង (ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ) នឹងត្រូវប្រើប្រាស់ដើម្បីអប់រំបុគ្គលិកយោធាឡើងវិញអំពីការទទួលខុសត្រូវ និងវិន័យ។
យោងតាមប៉ូលិសខេដ្ឋាន Okinawa ទាហានដែលត្រូវចាប់ខ្លួនមានឈ្មោះ Devin Jacob Ballard អាយុ ២០ ឆ្នាំ ថ្នាក់ Lance Corporal មកពីរដ្ឋ Ohio ប្រចាំការនៅមូលដ្ឋានទ័ពអាកាស Futenma។ រូបគេត្រូវបានសង្ស័យថាបានច្របាច់កសម្លាប់នាង Anna Yagi អាយុ ៣៩ ឆ្នាំ នៅឯសណ្ឋាគារមួយក្នុងទីក្រុង Naha កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ ហើយបានលួចយកកាបូបលុយ និងកាបូបស្ពាយរបស់ជនរងគ្រោះ មុនពេលត្រូវប៉ូលិសឃាត់ខ្លួនតាមរយៈរូបភាពកាមេរ៉ាសុវត្ថិភាព ទោះជាទាហានរូបនេះបានបដិសេធការចោទប្រកាន់ក៏ដោយ។
មេបញ្ជាការកងកម្លាំងបេសកកម្មម៉ារីនទី ៣ ឧត្តមសេនីយ៍ទោ Benjamin Watson បានគូសបញ្ជាក់ក្នុងលិខិតផ្លូវការថា ហេតុការណ៍នេះបានបំផ្លាញទំនុកចិត្តរបស់ប្រជាជនក្នុងតំបន់ និងប៉ះពាល់ដល់ភាពរឹងមាំនៃសម្ព័ន្ធភាពអាម៉េរិក-ជប៉ុន ព្រមទាំងសន្តិសុខក្នុងតំបន់។
គួរកត់សម្គាល់ថាហេតុការណ៍នេះបានបង្កឱ្យមានរលកតវ៉ាជាថ្មីប្រឆាំងនឹងវត្តមានកងទ័ពអាម៉េរិកជិត ៣០,០០០ នាក់នៅលើកោះ Okinawa ចំពេលដែលបទល្មើសពាក់ព័ន្ធនឹងយោធាអាម៉េរិកបានកើនឡើងដល់ ១០១ ករណីកាលពីឆ្នាំមុន។ ករណីឃាតកម្មនេះក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ផែនការរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធាយ៉ាងជិតស្និទ្ធជាមួយអាម៉េរិក ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់៕