Swift cc time

Lionel Messi ក្លាយជាកីឡាករដំបូងគេលើលោក ចូលលេង World Cup ៦ សម័យកាល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាមេរិក៖ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានបង្ហោះវីដេអូរំលឹកពីទិដ្ឋភាពដ៏អស្ចារ្យ ដើម្បីអបអរសាទរដល់កំពូលកីឡាករ Lionel Messi ដែលបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយបានក្លាយជាកីឡាករបុរសដំបូងគេបង្អស់ក្នុងលោក ដែលបានចូលលេងក្នុងព្រឹត្តិការណ៍ World Cup រហូតដល់ទៅ ៦ សម័យកាលផ្សេងៗគ្នា (២០០៦, ២០១០, ២០១៤, ២០១៨, ២០២២, និង ២០២៦)។

ការចូលលេងប្រកួតទី ២០០ ឱ្យជម្រើសជាតិអាហ្សង់ទីនរបស់ Messi បានធ្វើឱ្យរូបគេបំបែកកំណត់ត្រាចាស់របស់វីរបុរសបាល់ទាត់ ៥ រូបផ្សេងទៀត រួមមាន Cristiano Ronaldo, Lothar Matthäus ព្រមទាំង Antonio Carbajal, Andrés Guardado និង Rafael Márquez។ ខ្សែប្រយុទ្ធក្លិប Inter Miami រូបនេះ ធ្លាប់បានកាន់កាប់កំណត់ត្រាជាកីឡាករចូលលេងប្រកួត World Cup ច្រើនជាងគេបំផុតក្នុងលោកស្រាប់ទៅហើយ (សរុប ២៧ ប្រកួត) គិតចាប់តាំងពីវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២២ នៅប្រទេសកាតារ។

FIFA ក៏បានបង្ហោះវីដេអូដោយបង្ហាញឡើងវិញនូវរូបភាពដ៏រំជួលចិត្តសម្រាប់អ្នកគាំទ្រ និងការស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គេកាលពីឆ្នាំ ២០០៦ ក្នុងវ័យ ១៨ ឆ្នាំ មកទល់នឹងបច្ចុប្បន្ន ដែលរូបគេបានបង្ហើបថា ព្រឹត្តិការណ៍ World Cup លើកនេះ អាចជាការបង្ហាញខ្លួនចុងក្រោយបង្អស់នៅក្នុងអាជីពបាល់ទាត់អន្តរជាតិរបស់លោក៕

Khcct banner

អត្ថបទទាក់ទង