ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានប្រកាសការគាំទ្រឥតងាករេ ដល់ប្រទេសរុស្ស៊ី នៅក្នុងលិខិតជូនពរថ្ងៃកំណើតផ្ញើជូនប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ព្រមទាំងបានលើកសរសើរពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនថាជា សង្គ្រាមដ៏ពិសិដ្ឋ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃពុធ (ទី៧ ខែតុលា)។
លោក គីម បាននិយាយនៅក្នុងលិខិតនោះថា៖ ខ្ញុំមានសេចក្តីរីករាយដែលបានបង្កើតមិត្តភាពដ៏ល្អជាមួយលោក និងបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ លោក គីម បញ្ជាក់ទៀតថា៖ «ខ្ញុំសូមបញ្ជាក់ជាថ្មីនូវការគាំទ្រឥតងាករេរបស់ខ្ញុំចំពោះលោក និងសហព័ន្ធរុស្ស៊ី» លោកជឿជាក់យ៉ាងមុតមាំថា សង្គ្រាមដ៏ពិសិដ្ឋដើម្បីយុត្តិធម៌របស់ប្រជាជនរុស្ស៊ីប្រាកដជានឹងបញ្ចប់ទៅដោយជ័យជម្នះ។ លិខិតនេះត្រូវបានផ្ញើឡើងនៅចំពេលដែលទំនាក់ទំនងរវាងរដ្ឋាភិបាលកូរ៉េខាងត្បូង និងអ៊ុយក្រែនមានភាពតានតឹង បន្ទាប់ពីប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានទម្លាយព័ត៌មានថា ទាហានកូរ៉េខាងជើងពីរនាក់ដែលត្រូវបានចាប់ខ្លួន ត្រូវបានបញ្ជូនទៅក្រោមការគ្រប់គ្រងរបស់ទីក្រុងសេអ៊ូល។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងបានប៉ាន់ប្រមាណកាលពីឆ្នាំមុនថា ទាហានកូរ៉េខាងជើងប្រហែល ២,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលការវាយតម្លៃថ្មីៗនេះបានបង្ហាញថា ចំនួនអ្នកស្លាប់ ឬរបួសមានប្រហែល ៦,០០០ នាក់។ ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ មក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់វិមានក្រឹមឡាំង ដោយបានបញ្ជូនកងទ័ពទៅគាំទ្រកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ ជាថ្នូរនឹងអត្ថប្រយោជន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា៕