Swift cc time

ក្រុមគ្រូពេទ្យចិន បាញ់កម្ទេច «ដុំសាច់សួតកម្រ» ជួយសង្គ្រោះទារកក្នុងផ្ទៃស្រ្តីម្នាក់ ជោគជ័យ ដោយមិនបាច់វះកាត់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ក្រុមគ្រូពេទ្យជំនាញមកពីមន្ទីរពេទ្យ Shenzhen Baoan Women's and Children's Hospital និងសាកលវិទ្យាល័យ Chinese University of Hong Kong បានបង្កើតសមិទ្ធផលថ្មីមួយក្នុងវិស័យវេជ្ជសាស្ត្រ ដោយបានបាញ់កម្ទេចដុំសាច់សួតទារកក្នុងផ្ទៃម្ដាយដោយជោគជ័យ ដោយមិនចាំបាច់មានមុខរបួសវះកាត់ឡើយ។ ប្រតិបត្តិការដ៏ស្មុគស្មាញនេះ ត្រូវបានចុះផ្សាយក្នុងរបាយការណ៍ស្រាវជ្រាវវេជ្ជសាស្ត្រ Ultrasound in Obstetrics & Gynecology កាលពីថ្ងៃទី ២០ ខែសីហា។ សារព័ត៌មាន South China Morning Post (SCMP) បានចេញផ្សាយថា វាថាជាជំហានឈានមុខមួយបង្ហាញបច្ចេកវិទ្យាវេជ្ជសាស្រ្តចិន ក្នុងការព្យាបាលទារកក្នុងស្បូន។

យោងតាមប្រភពព័ត៌មាន ទារករូបនេះត្រូវបានរកឃើញថាមានជំងឺកម្រកើតឡើងពីកំណើត CPAM (Congenital Pulmonary Airway Malformation) ដែលកើតឡើងប្រមាណ ១ ក្នុងចំណោម ២៥,០០០ ទៅ ៣៥,០០០ ករណីនៃគភ៌។ នៅពេលម្ដាយមានផ្ទៃពោះបាន ២២ សប្តាហ៍ អេកូបានបង្ហាញថា ដុំសាច់សួតបានរីកធំរហូតដល់ ៥ សង់ទីម៉ែត្រ ដែលសង្កត់លើបេះដូង និងសួតយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបង្កឱ្យមានការដក់ទឹកក្នុងពោះ (Ascites) ប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។

ដោយសារដុំសាច់នេះកើតចេញពីពងបែកតូចៗជាច្រើន និងគ្មានសរសៃឈាមធំសម្រាប់ផ្តាច់តាមវិធីធម្មតា ក្រុមគ្រូពេទ្យបានសម្រេចចិត្តប្រើប្រាស់បច្ចេកវិទ្យាម្ជុលកម្ដៅរលកធាតុអាកាស (Microwave Ablation) ដោយស៊កម្ជុលតូចឆ្លងកាត់ពោះម្ដាយ និងទ្រូងទារក រួចបញ្ជូនកម្ដៅទៅដុតកម្ទេចដុំសាច់ពីខាងក្នុងដោយប្រើពេលត្រឹមតែ ២ នាទីប៉ុណ្ណោះ ក្រោមការតាមដានយ៉ាងប្រុងប្រយ័ត្នពីអេកូកម្រិតច្បាស់។

លទ្ធផលបានបង្ហាញពីប្រសិទ្ធភាពភ្លាមៗ ដោយត្រឹមតែ ៣ ថ្ងៃក្រោយការបាញ់កម្ដៅ ទំហំដុំសាច់បានថយចុះយ៉ាងខ្លាំង ហើយបញ្ហាដក់ទឹកក្នុងពោះបានបាត់បង់ទាំងស្រុង។ រហូតដល់សប្តាហ៍ទី ៣៧ ទារកត្រូវបានសម្រាលតាមវិធីវះកាត់ដោយសុវត្ថិភាព ដោយមានទម្ងន់ ២,៩ គីឡូក្រាម និងទទួលបានពិន្ទុសុខភាព Apgar ពេញ ១០/១០ ភ្លាមៗក្រោយកើត។

បច្ចុប្បន្ន ទារកមានអាយុ ៤ ខែហើយ ដោយមានសុខភាពល្អបរិបូរណ៍ និងពុំចាំបាច់ទទួលការវះកាត់បន្ថែមទៀតឡើយ។ ក្រុមគ្រូពេទ្យ បានគូសបញ្ជាក់ថា វិធីសាស្ត្រនេះចាំបាច់ត្រូវមានការស្រាវជ្រាវ និងសិក្សាបន្ថែមទៀត មុនពេលដាក់ឱ្យប្រើប្រាស់ជាមាត្រដ្ឋានទូទៅ សម្រាប់សង្គ្រោះករណីប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ៕

Khcct banner

អត្ថបទទាក់ទង