Swift cc time

មន្ត្រីពន្ធនាគារឥណ្ឌូនេស៊ីម្នាក់ ត្រូវបានបណ្តេញចេញពីតំណែង ក្រោយរកឃើញការលួចផ្តល់កន្លែងស្នាក់នៅ និងសម្ភារៈប្រណីតៗដល់អ្នកទោស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Wisnu Hani Putranto ប្រធានពន្ធនាគារ Cibinong

ហ្សាការតា៖ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចបណ្តេញមន្ត្រីពន្ធនាគារចេញពីការងារ និងដាក់ទណ្ឌកម្មលើមន្ត្រីជាច្រើនរូបទៀត បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងបានរកឃើញករណីលួចផ្តល់កន្លែងស្នាក់នៅ និងសម្ភារៈប្រើប្រាស់ប្រណីតៗដល់អ្នកទោសដែលមានទ្រព្យសម្បត្តិ នៅពន្ធនាគារ Cibinong ក្នុងទីក្រុង Bogor ភាគខាងលិចកោះជ្វា (West Java)។

យោងតាមការរាយការណ៍របស់សារព័ត៌មាន Kompas និង Jakarta Globe កាលពីថ្ងៃចន្ទ (ទី ៥ ខែតុលា) ដោយដកស្រង់សម្តីអគ្គអធិការ Rudi Setiawan នៃក្រសួងអន្តោប្រវេសន៍ និងកែតម្រូវ បានឱ្យដឹងថា លោក Wisnu Hani Putranto ប្រធានពន្ធនាគារ Cibinong ត្រូវបានបណ្តេញចេញពីតំណែងជាមន្ត្រីរាជការ។ លោក Wisnu ស្ថិតក្នុងចំណោមមន្ត្រីក្រសួងចំនួន ១៧ នាក់ដែលប្រឈមមុខនឹងការពិន័យ ក្នុងនោះមន្ត្រី ១ រូបត្រូវបណ្តេញចេញ ៥ រូបត្រូវដាក់វិន័យធ្ងន់ធ្ងរ និង ១១ រូបទៀតត្រូវដាក់វិន័យកម្រិតមធ្យម បន្ទាប់ពីរកឃើញការរំលោភបំពានសិទ្ធិអំណាច ភាពមិនប្រក្រតីនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការរំលោភលើនីតិវិធីប្រតិបត្តិការស្តង់ដារ។

គួរកត់សម្គាល់ថាការបែកធ្លាយនេះដោយសារការចុះត្រួតពិនិត្យដោយមិនបានជូនដំណឹងមុនពីសំណាក់ស្ថាប័ន Ombudsman ឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៣ ខែកញ្ញា ដែលបានរកឃើញចង្កោមលំនៅដ្ឋាន "ប្រណីត" ដាច់ដោយឡែកពីបន្ទប់ឃុំឃាំងធម្មតា។ បន្ទប់ទាំងនោះត្រូវបានបំពាក់ដោយម៉ាស៊ីនត្រជាក់ ទូរទស្សន៍អេក្រង់ធំ ទូទឹកកក និងសាឡុង ហើយថែមទាំងមានកន្លែងហាត់ប្រាណ និងម៉ាស៊ីនក្លែងធ្វើកីឡាវាយកូនហ្គោល (golf simulator) ដែលកំពុងសាងសង់ទៀតផង។ តាមប្រភពពីកាសែត Jakarta Post អ្នកទោសម្នាក់ត្រូវបង់ប្រាក់ប្រមាណ ១៦០,០០០ រូពី (ប្រហែល ៨.៩០ ដុល្លារអាម៉េរិក) ក្នុងមួយសប្តាហ៍ ដើម្បីចូលប្រើប្រាស់កន្លែងនោះ ដោយអ្នកទោសជាអ្នកមានបានប្រើប្រាស់វាជាលំនៅដ្ឋានឯកជន ឬសម្រាប់ទទួលភ្ញៀវ និងគ្រួសារ។ អាជ្ញាធរបានវាយកម្ទេចចោលនូវអគារខុសច្បាប់ចំនួន ១០ ខណៈដែលអគ្គនាយកកែតម្រូវ លោក Mashudi ក៏បានប្រកាសលាលែងពីតំណែង៕


Khcct banner

អត្ថបទទាក់ទង