ថៃ៖ សាកលវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកក នាថ្ងៃអង្គារនេះ បានរៀបចំពិធីរំលឹកខួប ៥០ ឆ្នាំ នៃព្រឹត្តិការណ៍បង្ក្រាបយ៉ាងរន្ធត់កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ១៩៧៦ ដោយមានការចូលរួមពីក្រុមអ្នកសិក្សា សកម្មជន និងគ្រួសារជនរងគ្រោះ។ នៅក្នុងកម្មវិធីនោះ មានការធ្វើបុណ្យឧទ្ទិសកុសល ការដាក់បាច់ផ្កា ការសម្តែងសិល្បៈរំលឹកប្រវត្តិសាស្ត្រ និងការអានឈ្មោះជនរងគ្រោះចំនួន ៤២ នាក់ ដែលបានបាត់បង់ជីវិតជាផ្លូវការនៅក្នុងហេតុការណ៍នោះ។
ដើមហេតុនៃរឿងរ៉ាវនេះ បានកើតឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីផ្តាច់ការ លោក Thanom Kittikachorn ត្រូវបានបណ្តេញចេញពីប្រទេសក្រោយចលនានិស្សិត ១៤ តុលា ១៩៧៣។ នៅខែកញ្ញា ឆ្នាំ ១៩៧៦ លោកបានលួចត្រឡប់មកប្រទេសថៃវិញដោយបួសជាព្រះសង្ឃនៅវត្ត บวรนิเวศวิหาร (Wat Bowonniwet) ក្នុងក្រុងបាងកក។ ក្រោយមក បានលួចបួសជាសង្ឃដើម្បីចូលស្រុកវិញ ធ្វើឱ្យក្រុមនិស្សិតចេញមុខតវ៉ាដោយអហិង្សាប៉ុន្តែ ក្រុមអាជ្ញាធរ និងក្រុមជ្រុលនិយមបានចោទប្រកាន់និស្សិតថាជា «ពួកកម្មុយនីស្ត»។ នៅព្រឹកព្រលឹមថ្ងៃទី ៦ ខែតុលា ឆ្នាំ ១៩៧៦ កងកម្លាំងប្រដាប់អាវុធបានបើកការវាយប្រហារ និងបាញ់ប្រហារលើក្រុមនិស្សិត បណ្តាលឱ្យមនុស្សជាច្រើនត្រូវគេបាញ់សម្លាប់ វាយដំ និងព្យួរកយ៉ាងព្រៃផ្សៃនៅឯវាលប្រមេរុ (Sanam Luang)។
រដ្ឋាភិបាលថៃនាពេលនោះបានប្រកាសជាផ្លូវការថាមនុស្ស ៤២ នាក់ បានស្លាប់ ប៉ុន្តែអង្គការសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រឯករាជ្យ បានកត់ត្រា និងជឿជាក់ថាចំនួនអ្នកស្លាប់ មានរហូតដល់ លើសពី ១០០ នាក់។
ទោះបីជាពេលវេលាបានកន្លងផុតទៅ ៥០ ឆ្នាំហើយ ក៏ព្រឹត្តិការណ៍បង្ក្រាបដ៏សាហាវ ដែលអមដោយការធ្វើរដ្ឋប្រហារយោធានាពេលនោះ នៅតែជាទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត និងជូរចត់បំផុតរបស់ប្រទេសថៃ ដោយសារតែជនដៃដល់ និងអ្នកបញ្ជាការនៅពីក្រោយខ្នង មិនទាន់ត្រូវបាននាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឡើយ៕