Swift cc time

អាម៉េរិក ថាកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លើការស្លាប់អ្នកវិទ្យាសាស្រ្តរុស្ស៊ីម្នាក់ នៅតំបន់ស៊ីបេរីពាក់ព័ន្ធទៅនឹងជំងឺឆ្លងប៉េស្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានអះអាងថាខ្លួនកំពុងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់បំផុតលើករណីស្លាប់របស់បុគ្គលិកមន្ទីរពិសោធន៍ជនជាតិរុស្ស៊ីម្នាក់ នៅវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តក្នុងតំបន់ស៊ីបេរី។ នេះបើតាមការថ្លែងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ដោយលោក Rubio បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ជុំវិញការព្រួយបារម្ភពីការឆ្លងរាលដាលនៃជំងឺប៉េស្តប្រភេទប៉ះពាល់សួត (pneumonic plague) លោកបានកត់សម្គាល់ថា មិនមានហេតុផលអ្វីដែលត្រូវភ័យស្លន់ស្លោនោះទេ។

បើតាមលោក Igor Kobzev អភិបាលតំបន់ Irkutsk បានថ្លែងដោយផ្អែកលើទិន្នន័យពីស្ថាប័នត្រួតពិនិត្យសុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់របស់រុស្ស៊ី (Rospotrebnadzor) ថា មូលហេតុនៃការស្លាប់របស់ស្ត្រីរូបនោះ គឺដោយសារជំងឺរលាកសួតដែលមិនដឹងពីប្រភពដើមច្បាស់លាស់ហើយពេលនេះមន្រ្តីជំនាញពុំបានរកឃើញទិន្នន័យច្បាស់លាស់ដែលពាក់ព័ន្ធនឹងការងាររបស់នាងនៅក្នុងសំណាកជីវសាស្ត្រឡើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ជនរងគ្រោះមានឈ្មោះ Daria អាយុចន្លោះពី ២៥ ដល់ ២៩ ឆ្នាំ ធ្លាប់បានទៅទស្សនាតំបន់ Buryatia ជាប់ព្រំដែនម៉ុងហ្គោលី ដែលជាតំបន់មានបាក់តេរីជំងឺប៉េស្ត (Yersinia pestis) កើតឡើងតាមធម្មជាតិលើសត្វកកេរ។ របាយការណ៍មិនទាន់ផ្លូវការបានបង្ហាញថា នាងអាចធ្លាក់ខ្លួនឈឺបន្ទាប់ពីធ្វើឱ្យបែកបំពង់ពិសោធន៍ ឬចុះបំពេញការងារនៅតំបន់នោះ។

ក្រោយការស្លាប់របស់នាងមនុស្សជិត ២០០ នាក់ដែលធ្លាប់មានទំនាក់ទំនងជាមួយជនរងគ្រោះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការតាមដានផ្នែកវេជ្ជសាស្ត្រ និងដាក់ឱ្យនៅដាច់ដោយឡែក (quarantine) ជាវិធានការបង្ការ។ ក្រុមការងារផ្នែកសុវត្ថិភាពជីវសាស្ត្របានចុះត្រួតពិនិត្យវិទ្យាស្ថានប្រឆាំងជំងឺប៉េស្តប្រចាំតំបន់ស៊ីបេរី និងតំបន់ចុងបូព៌ា (Far East) ក្នុងទីក្រុង Irkutsk ហើយបានអះអាងថា មិនមានស្ថានភាពអាសន្ន ឬករណីបុគ្គលិកផ្សេងទៀតស្វែងរកការព្យាបាលនោះទេ។

លោកបណ្ឌិត Simon Clarke សាស្ត្រាចារ្យរងផ្នែកមីក្រូជីវវិទ្យាកោសិកានៅសាកលវិទ្យាល័យ Reading បានពន្យល់ថា ជំងឺប៉េស្តប្រភេទឆ្លងតាមផ្លូវដង្ហើមបង្កដោយបាក់តេរី Yersinia pestis អាចឆ្លងពីមនុស្សទៅមនុស្ស និងអាចបណ្តាលឱ្យស្លាប់បានប្រសិនបើគ្មានការព្យាបាល ប៉ុន្តែវាអាចព្យាបាលឱ្យសះស្បើយបានយ៉ាងមានប្រសិទ្ធភាពដោយប្រើថ្នាំអង់ទីប៊ីយោទិក។ លោកបានបន្ថែមថា ជំងឺនេះនៅតែមាននៅក្នុងតំបន់ខ្លះក្នុងពិភពលោក ដែលតម្រូវឱ្យមានការសិក្សាស្រាវជ្រាវបន្ត ហើយលោកបានច្រានចោលការបារម្ភអំពីការបិទខ្ទប់ (lockdown) ទ្រង់ទ្រាយធំដូចកាលពីសម័យកូវីដ-១៩៕

Khcct banner

អត្ថបទទាក់ទង