ថៃ៖ មណ្ឌលថែទាំមនុស្សចាស់ និងអ្នកជំងឺមួយកន្លែង ស្ថិតក្នុងខេត្ត Kanchanaburi កំពុងរងការស៊ើបអង្កេតស៊ីជម្រៅ ពីអាជ្ញាធរប៉ូលិសស៊ើបអង្កេត CIB បន្ទាប់ពីបានរកឃើញថា មណ្ឌលនេះបានដាក់មនុស្សចាស់ឱ្យគេងក្នុងគ្រែទ្រុងដែក ចាក់សោពីខាងក្រៅ និងមានបំពាក់លួសបន្លាជុំវិញអគារ បង្ហាញពីទិដ្ឋភាពគួរឱ្យរន្ធត់ក្នុងសង្គមថៃ។
យោងតាមការចុះផ្សាយរបស់កាសែតThe Thaiger ករណីនេះបានបែកធ្លាយ បន្ទាប់ពីស្ត្រីវ័យ ៦៣ ឆ្នាំម្នាក់ បានចេញមុខសុំជំនួយតាមកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះ "Hone-Krasae" ដោយអះអាងថា កូនប្រុសរបស់គាត់បានបង្ខំបញ្ជូនគាត់មកឃុំឃាំងនៅទីនេះអស់រយៈពេលជាង ២ ឆ្នាំកន្លះ។ គាត់បានរៀបរាប់ទាំងទឹកភ្នែកថា អំឡុងពេលរស់នៅក្នុងមណ្ឌល គាត់ត្រូវបានគេវាយដំ គំរាមកំហែង និងបង្ខំឱ្យលេបថ្នាំ រហូតដល់គាត់លួចទាក់ទងទៅបងស្រីឱ្យជួយអន្តរាគមន៍ និងប្តឹងសមត្ថកិច្ច។
ភ្លាមៗ ប៉ូលិសថៃ បានចុះឆែកឆេរទីតាំងកើតហេតុ និងបានរកឃើញបន្ទប់ស្នាក់នៅមួយចំនួនត្រូវចាក់សោពីខាងក្រៅ ឯគ្រែគេងត្រូវបានហ៊ុំព័ទ្ធដោយទ្រុងដែកជិត ដែលធ្វើឱ្យអ្នកជំងឺគ្មានសេរីភាពធ្វើចលនាឡើយ។
តំណាងមណ្ឌលបានបកស្រាយថា ទ្រុងដែកទាំងនោះគឺប្រើសម្រាប់តែអ្នកជំងឺផ្លូវចិត្តកម្រិតធ្ងន់ ដើម្បីការពារកុំឱ្យពួកគេបង្កហិង្សា ឬរត់បាត់តែប៉ុណ្ណោះ។ បច្ចុប្បន្ន អាជ្ញាធរថៃកំពុងប្រមូលភស្តុតាងបន្ថែម ដើម្បីចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់លើករណីរំលោភសិទ្ធិមនុស្ស និងការបង្ខាំងមនុស្សដោយខុសច្បាប់នេះ៕