វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកកាលពីល្ងាចថ្ងៃទី ៥ ខែ តុលា បានប្រកាសពីការអនុម័តការលក់គ្រឿងបន្លាស់ប្រព័ន្ធណែនាំសម្រាប់គ្រាប់រ៉ុក្កែតប្រភេទ Advanced Precision Kill Weapon System (APKWS) ចំនួនរហូតដល់ ១០.០០០ គ្រឿង ក្នុងតម្លៃ ១ ពាន់លានដុល្លារអាម៉េរិកទៅកាន់ប្រទេសអារ៉ាប់រួម (UAE)។ ក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់ថា៖ «ការលក់ដែលបានស្នើឡើងនេះនឹងបង្កើនសមត្ថភាពរបស់អារ៉ាប់រួមក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងទាំងបច្ចុប្បន្ន និងអនាគត ដោយការអភិវឌ្ឍ និងរក្សានូវសមត្ថភាពការពារខ្លួនដ៏រឹងមាំ និងត្រៀមខ្លួនរួចរាល់ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រតិបត្តិការរួមគ្នាជាមួយកងកម្លាំងអាម៉េរិក។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ការលក់នេះ «នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក តាមរយៈការបង្កើនសន្តិសុខរបស់ដៃគូការពារជាតិដ៏សំខាន់មួយ»។ ក្រសួងការបរទេសអាម៉េរិកអះអាងទៀតថា៖ ប្រទេសគុយវ៉ែតក៏នឹងប្រើប្រាស់សមត្ថភាពដែលបានកែលម្អនេះដែរ ដើម្បីពង្រឹងការការពារទឹកដីរបស់ខ្លួន ហើយ នឹងមិនមានការលំបាកក្នុងការដាក់បញ្ចូលសម្ភារៈ និងសេវាកម្មទាំងនេះទៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឡើយ។
គួរកត់សម្គាល់ថា ប្រព័ន្ធ Advanced Precision Kill Weapon System នេះ បំប្លែងគ្រាប់រ៉ុក្កែតធម្មតា (ដែលគ្មានប្រព័ន្ធណែនាំ) ទៅជាគ្រាប់រំសេវដែលមានភាពជាក់លាក់ខ្ពស់ ដែលអាចប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗ រួមទាំងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (drones) ផងដែរ។ វិធីនេះជួយជៀសវាងការប្រើប្រាស់មីស៊ីលដែលមានតម្លៃថ្លៃ ដើម្បីបាញ់ទម្លាក់យន្តហោះដែលមានតម្លៃថោកជាង។ការបញ្ជាទិញនេះធ្វើឡើងបន្ទាប់ពីប្រទេសអារ៉ាប់រួម និងប្រទេសដទៃទៀតនៅតំបន់ឈូងសមុទ្រដែលជាសម្ព័ន្ធមិត្តរបស់អាម៉េរិក បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជម្លោះជាមួយអ៊ីរ៉ង់ ដែលក្នុងនោះកងកម្លាំងរបស់ទីក្រុងតេអេរ៉ង់បានវាយប្រហារពួកគេជាញឹកញាប់ដោយប្រើទាំងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាដើម៕