Swift cc time

«សាច់ជ្រូកគីមី និងផ្ទុកជំងឺប៉េស្ត»ជាង១ម៉ឺនតោន ត្រូវបានចែកចាយចូលទីផ្សារវៀតណាម ខណៈអាជ្ញាធរសុំឱ្យពលរដ្ឋប្រុងប្រយ័ត្ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ សាច់ជ្រូក មានសារធាតុគីមី និង ផ្ទុកជំងឺប៉េស្ត ជាង១ម៉ឺនតោន ត្រូវបានចែកចាយចូលទីផ្សារវៀតណាម ហើយអាជ្ញាធរវៀតណាម បានអំពាវនាវដល់ពលរដ្ឋខ្លួនជាពិសេស អាជីវករ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញលក់សាច់ជ្រូកគ្មានប្រភពច្បាស់លាស់។

យោងតាមការចុះផ្សាយពីសារព័ត៌មានវៀតណាម បានគូសបញ្ជាក់ថា ប៉ូលិសក្រុងហូជីមិញ បានចាប់ខ្លួនមនុស្ស ៩ នាក់ ពីបទប្រើប្រាស់សារធាតុគីមីហាមឃាត់ (Salbutamol) លាយក្នុងចំណីជ្រូក ដើម្បីឱ្យជ្រូកឆាប់ធំ និងមានសាច់ច្រើន ដោយក្នុងនោះសាច់ជ្រូកដែលមានសារធាតុពុលប្រមាណជាង ១០,០០០ តោន ត្រូវបានលក់ចែកចាយពេញទីផ្សាររួចទៅហើយ។ការចាប់ខ្លួននេះ បន្ទាប់ពីសមត្ថកិច្ចហូជីមិញ ស្ទាក់ចាប់ឡានដឹកជ្រូក ៣ គ្រឿង មានជ្រូក ២៨០ ក្បាល ហើយបានធ្វើតេស្តឃើញមានសារធាតុគីមីពុលនេះគ្រប់ក្បាល ព្រមទាំងមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) ចំនួន ៨០ ក្បាល។

បើតាមការស្រាវជ្រាវ ក្រុមនេះបានទិញសារធាតុគីមីពីស្ត្រីម្នាក់ដែលបានភូតភរថា នាំចូលពីថៃ និងកម្ពុជា យកមកលាយក្នុងចំណីឱ្យជ្រូកស៊ីត្រឹមតែ ៣០ ថ្ងៃប៉ុណ្ណោះ ធ្វើឱ្យជ្រូកឡើងទម្ងន់យ៉ាងលឿនពី ១០០ គីឡូ ទៅដល់ ១៤០ គីឡូក្រាម។ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ពួកគេបានឈប់ឱ្យជ្រូកស៊ីថ្នាំនេះ ១០ ថ្ងៃមុនយកទៅកាប់សាច់ និងបានឱ្យជ្រូកស៊ីថ្នាំលាងថ្លើមបន្ថែម ដើម្បីកុំឱ្យធ្វើតេស្តឃើញ។

ក្រោយពង្រីកការស៊ើបអង្កេត ប៉ូលិសបានរឹបអូស និងកម្ទេចចោលជ្រូកជិត ៤,០០០ ក្បាល (ទម្ងន់សរុបជាង ៥០០ តោន) ព្រមទាំងរឹបអូសបានសារធាតុ Salbutamol សុទ្ធទម្ងន់ជាង ១ តោន ដែលអាចយកទៅលាយជាមួយចំណីសត្វបានរហូតដល់ទៅជាង ៣,០០០ តោន។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តពង្រីកសំណុំរឿងនេះ និងបានអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់អាជីវករ និងប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការទិញលក់សាច់ជ្រូកគ្មានប្រភពច្បាស់លាស់៕

Khcct banner

អត្ថបទទាក់ទង