ថៃ៖ មន្ត្រីនៃអគ្គនាយកដ្ឋានគយប្រចាំអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ កាលពីថ្ងៃចន្ទ បានឃាត់ខ្លួនអ្នកដំណើរជាជនបរទេសចំនួន ២ នាក់ ដែលបានធ្វើដំណើរមកពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីបានរកឃើញក្រដាសប្រាក់ដុល្លារអាម៉េរិកសរុបប្រមាណ ១,៧ លានដុល្លារ (ប្រហែល ៥៦ លានបាត) ត្រូវបានលាក់ទុកនៅក្នុងវ៉ាលីធ្វើដំណើររបស់ពួកគេ។ យោងតាមអាជ្ញាធរគយថៃ វិធានការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងទប់ស្កាត់បទល្មើសពាក់ព័ន្ធនឹងការរត់ពន្ធសាច់ប្រាក់ និងការលាងលុយកខ្វក់អន្តរជាតិ។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត អ្នកស្រី Santhanee Pairattanakorn ប្រធានការិយាល័យគយអ្នកដំណើរអាកាសយានដ្ឋានសុវណ្ណភូមិ បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំងពីររូបត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើបទប្បញ្ញត្តិស្ដីពីការគ្របគ្រងរូបិយប័ណ្ណបរទេសរបស់ក្រសួងហិរញ្ញវត្ថុ ច្បាប់គយ និងច្បាប់រូបិយវត្ថុ រួមទាំងការដឹកជញ្ជូនសាច់ប្រាក់ ឬឧបករណ៍ហិរញ្ញវត្ថុឆ្លងដែនដោយគ្មានការប្រកាស។
គួរបញ្ជាក់ថា អាជ្ញាធរគយថៃបានក្រើនរំលឹកដល់អ្នកធ្វើដំណើរអន្តរជាតិទាំងអស់ឱ្យគោរពប្រតិបត្តិតាមច្បាប់ជាធរមាន ដោយត្រូវប្រកាសជាដាច់ខាតនូវរាល់ការនាំចូល ឬនាំចេញនូវក្រដាសប្រាក់ថៃ រូបិយប័ណ្ណបរទេស ឬប័ណ្ណសន្យាទូទាត់ហិរញ្ញវត្ថុដែលមានតម្លៃលើសពីកំណត់ (១៥,០០០ ដុល្លារអាម៉េរិក ឬ ៤៥០,០០០ បាត) ដើម្បីចៀសវាងការប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់៕