Swift cc time

ទូរទស្សន៍រដ្ឋចិនចេញផ្សាយ«ភាពយន្តឯកសារ»ចំនួន៣ភាគស្តីពីក្រុមឧក្រិដ្ឋកម្មOnline Scamsនៅមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ទូរទស្សន៍រដ្ឋដ៏ធំរបស់ចិន គឺ CCTV បានចាប់ដៃគ្នាជាមួយ ក្រសួងសន្តិសុខសាធារណៈចិន បានចងក្រងផលិតជាខ្សែ «ភាពយន្តឯកសារ»ចំនួន ៣ភាគ បង្ហាញពីសកម្មភាពឆបោករបស់ក្រុមសង្គមងងឹត Online Scams នៅតំបន់ Kokang (កូកាំង) នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ភាគទី១ នៃភាពយន្តនោះ ផ្តោតលើស្ថានភាពនៅក្នុងមជ្ឈមណ្ឌលឆបោក និងបទល្មើសធ្ងន់ធ្ងរពាក់ព័ន្ធដូចជា ឃាតកម្ម ការបង្ករបួស ការឃុំខ្លួនខុសច្បាប់ និង ការជួញដូរមនុស្ស ដែលដឹកនាំដោយលោក Wu Hongming មេខ្លោងសំខាន់នៃក្រុមឧក្រិដ្ឋកម្មគ្រួសារ Ming និងជាអ្នកផ្តល់មូលនិធិដ៏សំខាន់ដល់ក្រុមឧក្រិដ្ឋកម្ម Online Scams នៅតំបន់កូកាំង (Kokang) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។លោកត្រូវបានតុលាការចិន កាត់ទោសប្រហារជីវិត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

ចំណែកភាគទី២ បង្ហាញពីប្រតិបត្តិការតាមចាប់ខ្លួនពួកក្រុមឧក្រិដ្ឋកម្ម Online Scams នៅក្រៅប្រទេស ហើយក្នុងនោះក៏មានការបង្ហាញមុខលោក បៃ យីងឆាង (Bai Yingcang) ជាកូនប្រុសរបស់លោក បៃ ស៊ូឈិន (Bai Suocheng) ជាមេខ្លោងឧក្រិដ្ឋកម្មក្នុងតំបន់កូកាង (Kokang)។ក្រុមនេះ ធ្លាប់គ្រប់គ្រងមជ្ឈមណ្ឌលឆបោកជាច្រើន និងត្រូវបានអនុវត្តទោសប្រហារជីវិតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

រីឯភាគទី៣ នៃខ្សែភាពយន្ត គឺផ្តោតលើកិច្ចសហប្រតិបត្តិការឆ្លងដែនដោយរួមមាន៖ ប្រតិបត្តិការរវាងចិន និងមីយ៉ាន់ម៉ា និងកិច្ចសហការរវាងចិន មីយ៉ាន់ម៉ា និងថៃ ក្នុងការបង្ក្រាបមជ្ឈមណ្ឌលឆបោកនៅតំបន់ ម្យ៉ាវ៉ាឌី (Myawaddy)។ភាពយន្តនេះក៏បង្ហាញពី លោក She Zhijiang (ស៊ឺ ហ្ស៊ីជាំង) គឺជាពាណិជ្ជករ និងជាមេឧក្រិដ្ឋជនជនជាតិចិន មានសញ្ជាតិខ្មែរ ត្រូវបានគេស្គាល់ថា ជាម្ចាស់អាណាចក្រល្បែងស៊ីសងខុសច្បាប់នៅតំបន់ ស៊្វែកុកកូ (Shwe Kokko) ប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនប្រទេសថៃ និងគាំទ្រដោយក្រុមផ្តាច់ខ្លួនការ៉ែន។

ក្រុមប៉ូលីសចិន បានរកឃើញថា លោក She Zhijiang (ស៊ឺ ហ្ស៊ីជាំង) បង្កើតវេទិកាល្បែងអនឡាញជាង ២០០ ដោយទាក់ទាញជនជាតិចិនប្រមាណ ៣៣ម៉ឺននាក់ចូលរួម និងពាក់ព័ន្ធទឹកប្រាក់ជាង ២,៧ ពាន់លានយ័ន។ លោកត្រូវបានចាប់ខ្លួននៅទីក្រុងបាងកក ក្នុងឆ្នាំ២០២២ និង ធ្វើបត្យាប័នទៅកាន់ប្រទេសចិន នៅខែវិច្ឆិកា ឆ្នាំ២០២៥៕

Khcct banner

អត្ថបទទាក់ទង