ប៉ារីស៖ រដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក Édouard Geffray បានប្រកាសថា សាលារៀនចន្លោះពី ៤០០ ទៅ ៥០០ ខ្នងនៅទូទាំងប្រទេស នឹងត្រូវបិទទ្វារទាំងស្រុង ឬមួយផ្នែកនៅថ្ងៃចន្ទនេះ ដោយសារបញ្ហាសន្តិសុខ និងសុវត្ថិភាពមិនទាន់ត្រូវបានធានា បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងសិស្សានុសិស្ស និងប៉ូលិសបង្ក្រាបកុបកម្ម។ ការបញ្ជាក់របស់លោកនេះធ្វើឡើងបន្ទាប់ពីផ្ទុះបាតុកម្មជាច្រើនកន្លែងដោយសិស្សានុសិស្សបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះគុណភាពនៃការអប់រំ បញ្ហាខ្វះខាតគ្រូបង្រៀន ចំនួនសិស្សច្រើនលើសលប់ក្នុងមួយថ្នាក់ និងអគារសិក្សាទ្រុឌទ្រោម។ ការតវ៉ានេះបានវិវត្តទៅជាអំពើហិង្សា ដោយមានសាលារៀនចំនួន ២៤ ត្រូវបានដុតបំផ្លាញ ឬវាយកម្ទេច ហើយបុគ្គលិកផ្នែកអប់រំចំនួន ៧៨ នាក់បានរងរបួស។
លោក Édouard Geffray បានចោទប្រកាន់ថាក្រុមសកម្មជន ឆ្វេងនិយមជ្រុល បានជ្រៀតជ្រែក និងដណ្តើមគ្រប់គ្រងចលនារបស់សិស្ស ដើម្បីបង្កចលាចល។ យោងតាមក្រសួងមហាផ្ទៃ និងទីភ្នាក់ងារព័ត៌មាន AFP មនុស្សជាង ៥,០០០ នាក់ (ដែល ៨៥% ជាអនីតិជន) ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពីចលនានេះបានចាប់ផ្តើមឡើង។
ដោយឡែកលោក Sébastien Lecornu នាយករដ្ឋមន្ត្រីបារាំង បានថ្លែងថារដ្ឋាភិបាលកំពុងចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយកង្វល់របស់សិស្ស និងបុគ្គលិកអប់រំ រួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ កែសម្រួលកាលវិភាគសិក្សា និងបង្កើនតម្លាភាពក្នុងការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ។ បន្ថែមលើសពីនេះ រដ្ឋាភិបាលក៏កំពុងពន្លឿនការអនុម័តច្បាប់ថ្មី ដើម្បីតម្រូវឱ្យបុគ្គល ឬអាណាព្យាបាលរបស់អ្នកដែលបង្កការខូចខាត ចេញថ្លៃចំណាយលើការជួសជុលទាំងស្រុង៕