ឡុងដ៍៖ សហរដ្ឋអាម៉េរិកបានប្រកាសដកយន្តហោះទម្លាក់គ្រាប់បែកទាំងអស់របស់ខ្លួនចេញពីមូលដ្ឋានទ័ពអាកាស RAF Fairford ក្នុងប្រទេសចក្រភពអង់គ្លេស ដើម្បីបញ្ជូនត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ បន្ទាប់ពីអាជ្ញាធរប៉ូលិសប្រឆាំងភេរវកម្មអង់គ្លេសបានបើកការស៊ើបអង្កេតលើហេតុការណ៍សន្តិសុខដ៏ប្រឈមមួយនៅជិតមូលដ្ឋាននោះដោយចាប់បានជនសង្ស័យជាច្រើននាក់ជាមួយគ្រាប់បែកផ្ទុះដែលគ្រោងនឹងធ្វើភេរវកម្មលើទីតាំងឈរជើងរបស់កងទ័ពអាកាសអាម៉េរិក។
សហរដ្ឋអាម៉េរិកមិនបានបញ្ជាក់ពីមូលហេតុនៃការដកយន្តហោះទាំងនេះទេ ប៉ុន្តែការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ធំមួយកាលពីថ្ងៃទី ២៧ ខែកញ្ញា នៅពេលដែលប៉ូលិសទទួលបានដំណឹងអំពី "យានយន្តគួរឱ្យសង្ស័យ" ចំនួនបីគ្រឿងនៅជិតមូលដ្ឋានទ័ពអាកាសក្នុងតំបន់ Gloucestershire។ បុរសចំនួន ៥ នាក់ត្រូវបានចាប់ខ្លួនដំបូងដោយសង្ស័យថាពាក់ព័ន្ធនឹងបទល្មើសភេរវកម្មនៅជិតមូលដ្ឋាននោះ ហើយក្រោយមកត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយមានការធានាពីប៉ូលិស។ បុរសទី ៦ ដែលជាជនជាតិអង់គ្លេស-អ៊ីរ៉ង់ ក៏ត្រូវបានចាប់ខ្លួននៅពេលក្រោយមកទៀត ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានថ្លែងនៅលើបណ្តាញព័ត៌មាន Fox News ថា ករណីនេះ «ពាក់ព័ន្ធយ៉ាងច្បាស់លាស់ទៅនឹងសកម្មភាពរបស់ភាគីបរទេស»ដែលនេះលោកសំដៅថាអាចនឹងមានការជាប់ពាក់ព័ន្ធជាមួយនឹងអ៊ីរ៉ង់។ លោក Rubio មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ដោយលោកបានលើកឡើងនៅពេលនោះថា មានកម្រិតកំណត់ចំពោះអ្វីដែលលោកអាចនិយាយបាននៅពេលផ្សាយផ្ទាល់។
គួរកត់សម្គាល់ថាមូលដ្ឋាន RAF Fairford ត្រូវបានយោធាអាម៉េរិកប្រើប្រាស់ជាទីតាំងធ្វើប្រតិបត្តិការហោះហើរវាយប្រហារទៅកាន់តំបន់មជ្ឈិមបូព៌ា រហូតដល់អ៊ីរ៉ង់ធ្លាប់បានព្រមានថា មូលដ្ឋានទ័ពណាដែលប្រើប្រាស់សម្រាប់វាយប្រហារលើខ្លួន នឹងត្រូវចាត់ទុកជាគោលដៅសឹកស្របច្បាប់៕