កូរ៉េខាងត្បូង៖ ធនាគារនៅក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើនរួមមានធនាគារពាណិជ្ជធំៗចំនួន៥ (KB Kookmin, Shinhan, Hana, Woori និង NH Nonghyup) ព្រមទាំងធនាគារ BNK Busan ត្រូវបានរាយការណ៍ថាទទួលរងការហែកចូលប្រព័ន្ធ ដោយធនាគារ Shinhan បានលេចធ្លាយទិន្នន័យអតិថិជនជាង ២៥ ០០០នាក់ ខណៈធនាគារ KB Kookmin និង Hana ក៏មានការលេចធ្លាយទិន្នន័យអតិថិជនមួយចំនួន។ការវាយប្រហារតាមអ៊ីនធឺណិតដោយប្រើបច្ចេកវិទ្យា AI បានរីករាលដាលពីធនាគារធំៗ ទៅកាន់ធនាគារសន្សំ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនទៀតនៅកូរ៉េខាងត្បូង ដោយសារក្រុមហែកប្រព័ន្ធ (Hacker) បានស្វែងរក និងជ្រៀតចូលប្រព័ន្ធដែលមានប្រព័ន្ធការពារខ្សោយ។ ករណីនេះបានបណ្តាលឱ្យលេចធ្លាយទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ និងអតិថិជនប្រមាណ ៤០ ០០០នាក់ ព្រមទាំងទិន្នន័យបុគ្គលិកផ្នែកឥណទាន។
អាជ្ញាធរហិរញ្ញវត្ថុកូរ៉េខាងត្បូង បានកោះប្រជុំបន្ទាន់ជាមួយតំណាងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ដើម្បីពិនិត្យមើលការខូចខាត និងពង្រឹងប្រព័ន្ធសុវត្ថិភាព។ មន្ត្រីជាន់ខ្ពស់បានបញ្ជាក់ថា ការវាយប្រហារលើស្ថាប័នជាច្រើនបានប្រើប្រាស់អាសយដ្ឋាន IP ដូចៗគ្នា ដូច្នេះគេសង្ស័យថាជាស្នាដៃរបស់ជនល្មើស ឬក្រុមហែកប្រព័ន្ធតែមួយ ដោយមានធនាគារសន្សំ Yegaram បានលេចធ្លាយទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនប្រមាណ ៤០ ០០០នាក់ ខណៈក្រុមហ៊ុន Hyundai Capital និងធនាគារសន្សំ Welcome ក៏បានជួបប្រទះការលេចធ្លាយទិន្នន័យភ្នាក់ងារឥណទាន និងអតិថិជនសាជីវកម្មជាច្រើនដែរ។ ស្ថាប័ន Korean Federation of Community Credit Cooperatives និង NH Nonghyup Mutual Finance បានរកឃើញការព្យាយាមចូលប្រព័ន្ធពីអាសយដ្ឋាន IP ដែលដូចគ្នា ឬប្រហាក់ប្រហែលនឹងអាសយដ្ឋានដែលធ្លាប់បានប្រើប្រាស់ក្នុងការវាយប្រហារលើធនាគារធំៗនាពេលកន្លងមក៕