Swift cc time

អ្នកវិទ្យាសាស្រ្តរុស្ស៊ីម្នាក់ ស្លាប់ដោយសារការឆ្លងមេរោគ «មិនស្គាល់ប្រភព» ពេលកំពុងស្រាវជ្រាវជំងឺជំងឺប៉េស្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

រុស្ស៊ី៖ អាជ្ញាធររុស្ស៊ីកំពុងចាត់វិធានការឆ្លើយតបជាបន្ទាន់ ចំពោះករណីសង្ស័យមានការលេចធ្លាយមេរោគដ៏គ្រោះថ្នាក់ចេញពីមន្ទីរពិសោធន៍មួយក្នុងតំបន់ស៊ីបេរី (Siberia) បន្ទាប់ពីបុគ្គលិកស្រាវជ្រាវជាស្ត្រីអាយុ ២៨ ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺរលាកសួតដែលមិនស្គាល់ប្រភពដើមនៃមេរោគបង្ក។ បើតាម Moscow Times ហេតុការណ៍នេះបានកើតឡើងនៅវិទ្យាស្ថានស្រាវជ្រាវប្រឆាំងជំងឺប៉េស្ត (Anti-Plague Research Institute) ក្នុងទីក្រុង Shelekhov ក្បែរទីក្រុង Irkutsk។ បើទោះបីជាមានការអះអាងពីមន្ត្រីក្នុងតំបន់ខ្លះថា ការស្លាប់នេះអាចបណ្តាលមកពី «ជំងឺប៉េស្ត» ក៏ដោយ ប៉ុន្តែទីភ្នាក់ងារសុខាភិបាលរុស្ស៊ី Rospotrebnadzor បានបញ្ជាក់ថា ស្ថានភាពអនាម័យ និងរោគរាតត្បាតក្នុងតំបន់នៅតែមានស្ថិរភាព ហើយលទ្ធផលផ្លូវការបានត្រឹមតែបង្ហាញថាជា «ជំងឺរលាកសួតមិនស្គាល់ប្រភព» ប៉ុណ្ណោះ។

អាជ្ញាធររុស្ស៊ីបានចុះត្រួតពិនិត្យ និងដាក់មនុស្សជិត ២០០ នាក់ដែលធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយអ្នកស្លាប់ ឱ្យស្ថិតក្រោមការតាមដានសុខភាពនៅមន្ទីរពេទ្យ ដោយលទ្ធផលតេស្តដំបូងបង្ហាញអ្នកដែលបានពាក់ព័ន្ធស្ថិតក្នុងអវិជ្ជមានទាំងអស់។ ទន្ទឹមនឹងនេះ មន្ទីរពេទ្យសម្ភពមួយចំនួនក្នុងតំបន់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ខណៈរោងចក្រផលិតអាលុយមីញ៉ូមនៅជិតនោះបានណែនាំឱ្យបុគ្គលិកពាក់ម៉ាស់ដើម្បីសុវត្ថិភាព។

ក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានប្រកាសថាកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ដោយសារកង្វល់លើជំងឺប៉េស្តប្រភេទឆ្លងតាមផ្លូវដង្ហើម (Pneumonic plague) ដែលជាប្រភេទអាសន្នរោគអាចឆ្លងពីមនុស្សទៅមនុស្សបានយ៉ាងងាយស្រួល និងលឿន អាម៉េរិកជំរុញឱ្យអាជ្ញាធររុស្ស៊ីចែករំលែកព័ត៌មានឱ្យបានច្បាស់លាស់ និងបើកចំហអំពីហេតុការណ៍នេះ៕

Khcct banner

អត្ថបទទាក់ទង