អាម៉េរិក៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានឱ្យដឹងថា អាជ្ញាធរអាម៉េរិកបានចាប់ខ្លួនស្ត្រីរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាម្នាក់ កាលពីថ្ងៃអាទិត្យ ក្រោមបទចោទប្រកាន់ពីបទលួចធ្វើចារកម្មតាមដានកូនប្រុសរបស់ប្រធានាធិបតីតៃវ៉ាន់។ FBI អាម៉េរិកបានបញ្ជាក់ថា ស្ត្រីសង្ស័យឈ្មោះ Wanying Zhang (ឬ Heather) អាយុ ៣៤ឆ្នាំ មានទីលំនៅក្បែរក្រុង Irvine រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Los Angeles ភ្លាមៗមុនពេលនាងរៀបចំឡើងយន្តហោះចាកចេញទៅកាន់ប្រទេសចិន។ អាជ្ញាធរអាម៉េរិក បានចោទប្រកាន់រូបនាងពីបទ «ធ្វើជាភ្នាក់ងារបរទេសដោយគ្មានការចុះបញ្ជី»។
FBI មិនបានបញ្ជាក់ឈ្មោះជនរងគ្រោះនោះទេ ប៉ុន្តែយោងតាមរបាយការណ៍របស់សារព័ត៌មាន New York Post បានបញ្ជាក់ថា គោលដៅនៃការតាមដាននោះគឺលោក Lai Ting-yu ដែលជាកូនប្រុសរបស់មឹដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ដែលកំពុងរស់នៅក្នុងសហរដ្ឋអាម៉េរិក។ ក្រសួងយុត្តិធម៌អាម៉េរិកបានគូសបញ្ជាក់ថា ឈ្មោះលោកស្រី Zhang បានធ្វើដំណើរទៅកាន់ក្រុង Seattle កាលពីឆ្នាំ ២០២៥ តាមការណែនាំរបស់មន្ត្រីចិន ហើយបន្ទាប់មកបានផ្ញើរូបថត វីដេអូ និងព័ត៌មានស្លាកលេខរថយន្តរបស់កូនប្រុសថ្នាក់ដឹកនាំតៃវ៉ាន់ និងគ្រួសារទៅឱ្យអាជ្ញាធរចិន។
លោក Bill Essayli អនុរដ្ឋអាជ្ញាអាម៉េរិកប្រចាំតំបន់កណ្តាលនៃរដ្ឋកាលីហ្វ័រញ៉ា បានថ្លែងថា ជនសង្ស័យបានប្រើប្រាស់ល្បិចកលយ៉ាងស្មុគស្មាញដើម្បីគេចវេះពីការកត់សម្គាល់ និងមិនបានជូនដំណឹងដល់រដ្ឋាភិបាលអាម៉េរិកថាខ្លួនកំពុងធ្វើសកម្មភាពឱ្យរដ្ឋាភិបាលបរទេសនោះឡើយ។
មកដល់ពេលនេះ ស្ថានទូតចិនប្រចាំនៅរាជធានីវ៉ាស៊ីនតោន និងការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌តៃវ៉ាន់ប្រចាំនៅអាម៉េរិក មិនទាន់ចេញមុខឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានរំពឹងថានឹងត្រូវបញ្ជូនទៅបង្ហាញខ្លួននៅចំពោះមុខតុលាការសហព័ន្ធក្នុងក្រុង Los Angeles នៅថ្ងៃចន្ទនេះ ដោយគេមិនទាន់ច្បាស់ថានាងមានមេធាវីការពារក្តី ឬយ៉ាងណានៅឡើយទេ៕