ថៃ៖ ស្ថានទូតចិនប្រចាំប្រទេសថៃ បានស្នើឱ្យសមត្ថកិច្ចថៃពន្លឿនការស៊ើបអង្កេត លើករណីបាត់ខ្លួនរបស់គ្រូបង្រៀនតន្ត្រីជនជាតិចិន អាយុ ៣៣ឆ្នាំម្នាក់ មកពីទីក្រុងស៊ាងហៃ ដែលបានបាត់ដំណឹងសូន្យឈឹង ចាប់តាំងពីថ្ងៃទី ២៥ ខែកញ្ញាមក។
យោងតាមការចេញផ្សាយរបស់កាសែត China Daily ស្ថានទូតចិន កាលពីរសៀលថ្ងៃ០២តុលា បានទទួលសំណើរសុំជំនួយពីគ្រោះសារជនរងគ្រោះ និងបានជូនដំណឹងអំពីករណីនេះទៅកាន់សមត្ថកិច្ចថៃរួចហើយ។ សាច់ញាតិរបស់ជនរងគ្រោះបានប្រគល់សិទ្ធិឱ្យតំណាងនៅប្រទេសថៃ ដើម្បីដាក់ពាក្យប្តឹងទៅប៉ូលីស ហើយស្ថានទូតក៏បានជំរុញឱ្យអាជ្ញាធរស្វែងរកទីតាំងរបស់គេឱ្យបានឆាប់រហ័សបំផុត។
យោងតាមព័ត៌មានដែលបានចែករំលែកលើបណ្តាញសង្គមកាលពីថ្ងៃទី ១ ខែតុលា ជនរងគ្រោះមានត្រកូល Wang ជាអ្នកស្រុកដើមនៅទីក្រុងស៊ាងហៃ។ រូបគេបានហោះហើរមកដល់ទីក្រុងបាងកក កាលពីល្ងាចថ្ងៃទី ២៤ ខែកញ្ញា និងបានបន្តទាក់ទងជាមួយសាច់ញាតិ និងមិត្តភក្តិតាមរយៈកម្មវិធី WeChat ពេញមួយថ្ងៃទី ២៥ ខែកញ្ញា។ ប៉ុន្តែ ទូរស័ព្ទរបស់គេត្រូវបានបិទមិនអាចទាក់ទងបាន ចាប់តាំងពីល្ងាចថ្ងៃដដែលនោះមក។
គួរបញ្ជាក់ថា សាលារៀនរបស់លោក Wang បានអះអាងថា រូបគេមិនបានត្រឡប់មកធ្វើការវិញឡើយ បន្ទាប់ពីការឈប់សម្រាកក្នុងពិធីបុណ្យសែនព្រះខែ (Mid-Autumn Festival)។ គ្រួសាររបស់គេបានរាយការណ៍អំពីការបាត់ខ្លួននេះទៅកាន់ប៉ូលីស ហើយខាងសាលាក៏បានប្រកាសសហការយ៉ាងពេញទំហឹង ក្នុងប្រតិបត្តិការស៊ើបអង្កេតនេះ៕