Swift cc time

ចិន ផ្អាកការនាំចេញប្រេងឥន្ធនៈសម្រាប់ខែតុលា ដើម្បីពង្រឹងស្តុកប្រេងក្នុងស្រុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ រោងចក្រចម្រាញ់ប្រេងធំៗរបស់ប្រទេសចិនបានផ្អាកការនាំចេញផលិតផលប្រេងឥន្ធនៈ (រួមមានប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងយន្តហោះ) ទៅកាន់ក្រៅប្រទេសសម្រាប់ខែតុលានេះ ដោយលើកលែងតែតំបន់ហុងកុង និងម៉ាកាវប៉ុណ្ណោះ។ វិធានការនេះធ្វើឡើងតាមការតម្រង់ទិសរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីរក្សាសន្តិសុខនៃការផ្គត់ផ្គង់ និងបង្កើនស្តុកប្រេងឥន្ធនៈក្នុងស្រុកដែលកំពុងថយចុះ បន្ទាប់ពីការផ្គត់ផ្គង់ប្រេងឆៅសកលរងផលប៉ះពាល់ដោយសារជម្លោះនៅមជ្ឈិមបូព៌ា។

បើតាមការចេញផ្សាយរបស់ Reuters ការផ្អាកនេះបានកើតឡើងភ្លាមៗនៅដើមសប្តាហ៍នៃថ្ងៃឈប់សម្រាកបុណ្យជាតិចិន (Golden Week) ដោយក្រុមហ៊ុនប្រេងរដ្ឋធំៗដូចជា PetroChina បានលុបចោលការដឹកជញ្ជូនប្រេងសាំង និងប្រេងយន្តហោះដែលបានព្រមព្រៀងសម្រាប់ខែតុលា ខណៈក្រុមហ៊ុនឯកជន Zhejiang Petrochemical (ZPC) ក៏មិនបានរៀបចំកាលវិភាគនាំចេញដែរ។

ក្រុមអ្នកវិភាគបានបញ្ជាក់ថាទោះបីជាប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ បានស្នើសុំឱ្យប្រធានាធិបតីចិន ស៊ីជិនពីង ជួយសម្រួលដល់ការផ្គត់ផ្គង់ប្រេងសកលក៏ដោយ ក៏ទីក្រុងប៉េកាំងនៅតែផ្តល់អាទិភាពចម្បងលើ សន្តិសុខថាមពលក្នុងស្រុកហើយទុកទីផ្សារអន្តរជាតិជាអាទិភាពបន្ទាប់បន្សំ។ ការសម្រេចចិត្តនេះបានធ្វើឱ្យតម្លៃប្រេង Brent កើនឡើងលើស $១០០ ក្នុងមួយបារ៉ែល ដោយសារកង្វល់ពីការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងឥន្ធនៈបន្ថែមទៀតនៅលើទីផ្សារពិភពលោក។

គួររម្លឹកថារដ្ឋបាលរបស់លោក ត្រាំបានប្រាប់ប្រទេសអាល្លឺម៉ង់ និងបារាំងឱ្យបញ្ចេញស្តុកប្រេងម៉ាស៊ូតសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន ដើម្បីជួយសម្រួលដល់តម្លៃប្រេង ឬបើមិនដូច្នេះទេ អាចនឹងប្រឈមមុខនឹងការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតពីសហរដ្ឋអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង