ញូវយ៉ក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានបញ្ជាឱ្យរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងគណៈប្រតិភូរបស់លោកចាកចេញពីសហរដ្ឋអាម៉េរិកជាបន្ទាន់ ដោយហេតុផលថាការចរចាបានជាប់គាំង ហើយកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កបានបញ្ចប់រួចរាល់ហើយ ដូច្នេះការស្នាក់នៅរបស់ពួកគេគឺ ហួសពីកាលកំណត់។ភ្លាមៗ ភាគីអ៊ីរ៉ង់បានច្រានចោលការអះអាងនេះនៅលើបណ្តាញសង្គម X ដោយបញ្ជាក់ថា ខ្លួនបានចាកចេញទៅតាមកាលវិភាគដែលបានជម្រាបជូនអាម៉េរិកទុកជាមុនតាំងពីថ្ងៃទី ១៧ ខែកញ្ញាម៉្លេះ ហើយបានចោទប្រកាន់ក្រសួងការបរទេសអាម៉េរិកថាបានផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋាន។
គួររម្លឹកថាជម្លោះដែលបានអូសបន្លាយពេល ៧ ខែមកនេះ នៅតែមិនទាន់ស្វែងរកច្រកចេញឃើញនៅឡើយ បើទោះបីជាមានការចរចាតាមរយៈអ្នកសម្របសម្រួលក៏ដោយ ខណៈប្រធានាធិបតី Donald Trump បានបដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ក្នុងការអនុវត្តបទឈប់បាញ់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ស្ថានភាពនេះបានបង្កើតសម្ពាធយ៉ាងខ្លាំងលើផ្ទៃក្នុងអាម៉េរិក ជាពិសេសលើគណបក្សសាធារណរដ្ឋ (GOP) នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយសារតែសាធារណជនមិនពេញចិត្តនឹងការកើនឡើងនៃតម្លៃទំនិញ និងប្រេងឥន្ធនៈ។
ក្រុមអ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ក៏បានចេញលិខិតអំពាវនាវដោយផ្ទាល់ទៅកាន់អ្នកបោះឆ្នោតអាម៉េរិកឱ្យងាកមកប្រឆាំងនឹងលោក Trump ដោយចោទប្រកាន់រដ្ឋបាលរបស់លោកថាបានព្យាយាមបោកបញ្ឆោតប្រជាជន៕