វ៉ាស៊ីនតោន៖ ដំណើរការប្រហារជីវិតដោយការចាក់ថ្នាំសម្លាប់ (Pentobarbital) រហូតដល់ទៅពីរដូស លើជនល្មើស Christa Pike អាយុ ៥០ ឆ្នាំ ដែលជាអ្នកទោសប្រហារជីវិតស្ត្រីដំបូងគេបង្អស់នៅរដ្ឋ Tennessee ក្នុងរយៈពេល ២០០ ឆ្នាំ បានជួបប្រទះភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយរូបនាងបានត្រឹមតែបាត់បង់ស្មារតី ប៉ុន្តែបេះដូងនៅតែដើរ និងមានសំឡេងស្រមុកធម្មតាដូចជាមនុស្សមិនស្លាប់។ ហេតុការណ៍នេះបានបង្ខំឱ្យអាជ្ញាធរបញ្ឈប់នីតិវិធី និងបញ្ជូននាងទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យក្រៅពន្ធនាគារជាបន្ទាន់ ក្រោមដីកាបង្គាប់ឱ្យផ្តល់ការថែទាំសុខភាពពីចៅក្រមប្រចាំតំបន់ លោក Clifton L Corker តាមការស្នើសុំញត្តិបណ្តឹងអាសន្នពីក្រុមមេធាវីរបស់នាង។
មេធាវីម្នាក់របស់នាងបានប្រាប់ BBC ថា Pike ដែលមានអាយុ ៥០ ឆ្នាំ បច្ចុប្បន្នកំពុង «ទទួលបានវិធានការសង្គ្រោះជីវិត» នៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានចាក់ថ្នាំ pentobarbital ចំនួនពីរម្ជុលរួចមក។
ក្រុមមេធាវីការពារក្តីបានចោទប្រកាន់រដ្ឋ Tennessee ថាបានបរាជ័យម្តងទៀតក្នុងការអនុវត្តទោសប្រហារជីវិតដោយស្របច្បាប់ ដោយសារបញ្ហាពិបាករកសរសៃឈាម និងគុណភាពថ្នាំធ្លាក់ចុះ ខណៈអ្នកជំនាញវេជ្ជសាស្ត្រព្រមានថានាង Pike អាចនឹងរងការខូចខាតខួរក្បាលដោយសារការសង្គ្រោះមានភាពយឺតយ៉ាវ។
ជាការឆ្លើយតប អភិបាលរដ្ឋ Tennessee លោក Bill Lee បានប្រកាសបញ្ជាឱ្យមាន «ការត្រួតពិនិត្យដ៏ទូលំទូលាយពីភាគីទីបី» ដើម្បីស៊ើបអង្កេតប្រភពដើមនៃកំហុសបច្ចេកទេសនេះ ព្រមទាំងបានប្រកាសផ្អាកការប្រហារជីវិតដែលនៅសេសសល់ទាំងអស់សម្រាប់ឆ្នាំ ២០២៦ នេះជាបណ្តោះអាសន្ន ៕