ថៃ៖ គ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិនៅប្រទេសថៃ អាចទទួលបានប្រាក់សំណងរហូតដល់ ១០០,០០០ បាត (ប្រមាណ ៣,០០០ ដុល្លារ) តាមរយៈកម្មវិធីធានារ៉ាប់រងគ្រោះមហន្តរាយជាតិ ដែលបានចាប់ផ្តើមអនុវត្តផ្លូវការចាប់ពីថ្ងៃទី១ ខែតុលានេះតទៅ។ កម្មវិធីនេះធ្វើឡើងដើម្បីផ្តល់ការការពារ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋថៃ រហូតដល់ ៣០ លានគ្រួសារនៅទូទាំងប្រទេស រួមទាំងរាជធានីបាងកក ចំពោះគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងរញ្ជួយដី។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត តាមរយៈប្រព័ន្ធធានារ៉ាប់រងនេះ ករណីជួបគ្រោះទឹកជំនន់ គ្រួសាររងគ្រោះនឹងទទួលបានប្រាក់ឧបត្ថម្ភបឋម ១០,០០០ បាត (ប្រមាណ ៣០០ ដុល្លារ) ចំណែកករណីខ្យល់ព្យុះ ឬរញ្ជួយដី នឹងទទួលបាន ៥,០០០ បាត (ប្រមាណ ១៥០ ដុល្លារ) ជាមុនភ្លាមៗ។ ចំពោះសំណងបន្ថែម នឹងត្រូវគណនាទៅតាមទំហំខូចខាតជាក់ស្តែងរហូតដល់អតិបរមា ៣,០០០ ដុល្លារក្នុងមួយគ្រួសារ ហើយដំណើរការបើកផ្តល់ប្រាក់សំណងនេះ នឹងធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ ១៥ ថ្ងៃ។
ប្រសិនបើគ្រោះធម្មជាតិទាំងនេះបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត ប្រព័ន្ធធានារ៉ាប់រងជាតិថៃ នឹងផ្តល់ប្រាក់បដិសណ្ឋារកិច្ចចំនួន ២ លានបាត (ប្រមាណ ៥៩,៥០០ ដុល្លារ) ក្នុងម្នាក់បន្ថែមទៀត៕