ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសពីគោលដៅធំៗរបស់ប្រទេស ដោយអំពាវនាវឱ្យប្រជាជនទាំងមូលរួមបេះដូងគ្នារក្សាទំនុកចិត្ត ដើម្បីស្តារ និងលើកស្ទួយជាតិឱ្យកាន់តែរុងរឿង។ លោកបានថ្លែងសារយុទ្ធសាស្ត្រនេះ ក្នុងពិធីជប់លៀងអបអរសាទរខួប ៧៧ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (ថ្ងៃទី១ ខែតុលា) នៅវិមានប្រជាជនក្នុងក្រុងប៉េកាំង ដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី លី ឈាំង ថ្នាក់ដឹកនាំជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិប្រមាណ ៨០០ នាក់។
ក្នុងឱកាសនោះ លោក ស៊ី បានផ្ញើសារសួរសុខទុក្ខយ៉ាងកក់ក្តៅជូនប្រជាជនចិន និងថ្លែងអំណរគុណដល់ប្រទេសជាមិត្តដែលបានជួយជ្រោមជ្រែងចិន។ លោកបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៧៧ ឆ្នាំមកនេះ បក្សកុម្មុយនីស្តចិនបានដឹកនាំប្រទេសសម្រេចបានសមិទ្ធផលអស្ចារ្យចំនួនពីរ គឺ «ការលូតលាស់សេដ្ឋកិច្ចលឿនរហ័ស» និង «ស្ថិរភាពសង្គមយូរអង្វែង» ហើយសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះនៅតែបន្តទៅមុខយ៉ាងរឹងមាំ ទោះជាជួបសម្ពាធពីខាងក្រៅក៏ដោយ។
លោក ស៊ី ជីនពីង បានបន្ថែមថា ចិនត្រូវបន្តរុញច្រានសេដ្ឋកិច្ចឱ្យកាន់តែមានគុណភាព លើកកម្ពស់ជីវភាពប្រជាជន និងសម្រេចឱ្យបាននូវគោលដៅឆ្នាំនេះ ដើម្បីបើកទំព័រថ្មីប្រកបដោយជោគជ័យសម្រាប់ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ (២០២៦-២០៣០)។ លោកបានសង្កត់ធ្ងន់ថា ចិននឹងបន្តប្រកាន់ខ្ជាប់នយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» សម្រាប់តំបន់ហុងកុង និងម៉ាកាវ ព្រមទាំងអំពាវនាវឱ្យពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់ ដោយប្រឆាំងដាច់ខាតចំពោះក្រុមបំបែកខ្លួន និងការជ្រៀតជ្រែកពីបរទេស ដើម្បីឈានទៅបង្រួបបង្រួមជាតិទាំងមូល។
ជាចុងក្រោយ លោកបានអះអាងថា ចិននឹងបន្តប្រកាន់នយោបាយការបរទេសសន្តិភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនរណា និងចូលរួមដោះស្រាយវិបត្តិសកល ដើម្បីបង្កើត «សហគមន៍វាសនារួមសម្រាប់មនុស្សជាតិ»។ ពិធីអបអរសាទរខួបកំណើតលើកទី៧៧ របស់ចិននេះ បានបញ្ចប់ទៅដោយការលើកកែវជល់ជូនពរគ្នាយ៉ាងស្និទ្ធស្នាល និងរីករាយ៕