ថៃ៖ នាយកដ្ឋានឧតុនិយមប្រទេសថៃ កាលពីថ្ងៃពុធ បានចេញសេចក្តីព្រមាន ដោយអំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមលក្ខណៈទប់ទល់នឹងកំណើនទឹកភ្លៀង ដែលនឹងចាប់ផ្តើមធ្លាក់ខ្លាំងនៅដើមខែនេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលា។ តាមការព្យាករណ៍ ភ្លៀងនឹងចាប់ផ្តើមធ្លាក់នៅភាគខាងជើង និងភាគឦសានមុនគេ បន្ទាប់មកសីតុណ្ហភាពនឹងចាប់ផ្តើមចុះត្រជាក់នៅតំបន់ភាគឥសាន។ អាជ្ញាធរថៃក៏បានណែនាំឱ្យសាធារណជនតាមដានបច្ចុប្បន្នភាពអាកាសធាតុជាប្រចាំ ដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ThaiRath ការប្រែប្រួលអាកាសធាតុនេះ កើតឡើងដោយសារឥទ្ធិពលម៉ាសខ្យល់ត្រជាក់ពីប្រទេសចិន បានបក់គ្រប់ដណ្ដប់មកលើភាគខាងជើងប្រទេសថៃ រួមផ្សំជាមួយនឹងឥទ្ធិពលខ្យល់មូសុងខ្សោយនៅភាគខាងត្បូង និងតំបន់ឈូងសមុទ្រ។
ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា បាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន នឹងរីករាលដាលពីភាគខាងជើង និងភាគឦសាន រួចរំកិលទៅគ្របដណ្តប់លើភាគកណ្តាល រួមទាំងរាជធានីបាងកក បរិវេណជុំវិញ និងខេត្តនៅភាគខាងកើត។ ដោយឡែកនៅភាគខាងត្បូងវិញ នឹងបន្តមានភ្លៀងធ្លាក់ជាប់ជាប្រចាំ និងមានភ្លៀងធ្លាក់ខ្លាំងនៅកន្លែងខ្លះ។
អាជ្ញាធរថៃបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងតំបន់រងផលប៉ះពាល់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀងភ្លាមៗ។ បន្ថែមពីនេះ អាជ្ញាធរថៃក៏បានណែនាំដល់អ្នកនេសាទ និងអ្នកធ្វើដំណើរតាមទូក ឬនាវាទាំងអស់នៅសមុទ្រអង់ដាម៉ាន និងឈូងសមុទ្រថៃ ឱ្យប្រកបនាវាចរណ៍ដោយប្រុងប្រយ័ត្ន ដោយសាររលកសមុទ្រអាចមានកម្ពស់ពី ១ ទៅ ២ ម៉ែត្រ និងអាចមានកម្ពស់លើសពី ២ ម៉ែត្រ នៅតំបន់ដែលមានភ្លៀងផ្គររន្ទះ៕