Swift cc time

PILOT ដឹកអ្នកដំណើរពី ឌូបៃ ទៅ អ៊ីស្រាអែល រងការចាក់ជាច្រើនកាំបិត យន្តហោះស្ទើរតែធ្លាក់ចុះមកក្រោម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានអ្នកបើកបរយន្តហោះជនជាតិឥណ្ឌា Captain Smit Machchhar

អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់បានប្រកាសថា ហេតុការណ៍លើជើងហោះហើរ FZ 1073 របស់ក្រុមហ៊ុន Flydubai ពីទីក្រុងឌូបៃទៅកាន់ប្រទេសអ៊ីស្រាអែល គឺជាការប៉ុនប៉ងវាយប្រហារភេរវកម្ម ដោយអ្នកបើកបរយន្តហោះម្នាក់ (ប្រភពមន្ត្រីផ្លូវការបញ្ជាក់ជាជនជាតិអូម៉ង់) បានចាក់ប្រធានអ្នកបើកបរយន្តហោះជនជាតិឥណ្ឌា Captain Smit Machchhar និងព្យាយាមបណ្តាលឱ្យយន្តហោះធ្លាក់។ ហេតុការណ៍នេះបានបង្កឱ្យយន្តហោះធ្លាក់ចុះកម្ពស់យ៉ាងគំហុកដល់ទៅ ១៧.០០០ ហ្វីតក្នុងរយៈពេលត្រឹមតែពីរនាទី ប៉ុន្តែត្រូវ បានសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីប្រធានអ្នកបើកបរដែលរងរបួសធ្ងន់បានខិតខំទាញបើកទ្វារបន្ទប់បញ្ជា (cockpit) អនុញ្ញាតឱ្យអ្នកដំណើរ និងបុគ្គលិកយន្តហោះ (រួមទាំងអ្នកបើកបរយន្តហោះជនជាតិអង់គ្លេសម្នាក់ដែលជិះជាអ្នកដំណើរ) សម្រុកចូលទៅចាប់វាយខ្នោះជនបង្ក និងទាញចង្កូតបញ្ជាធ្វើឱ្យយន្តហោះមានស្ថិរភាពឡើងវិញ។

ប្រធានអ្នកបើកបរយន្តហោះជនជាតិឥណ្ឌា Captain Smit Machchhar

បើតាមការចេញផ្សាយរបស់ BBC ករណីប៉ុនប៉ងវាយប្រហារភេរវកម្ម និងធ្វើឱ្យយន្តហោះធ្លាក់លើជើងហោះហើរ FZ 1073 របស់ក្រុមហ៊ុន Flydubai ដែលកំពុងដឹកអ្នកដំណើរ និងនាវិកសរុប ១៧៤ នាក់ ចេញពីទីក្រុងឌូបៃ ទៅកាន់ទីក្រុងតេលអាវីនៃប្រទេសអ៊ីស្រាអែល បាននិងកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ និងវិស័យអាកាសចរណ៍សកល។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅពេលយន្តហោះ Boeing 737 MAX 8 កំពុងហោះខិតជិតដល់ដែនអាកាសអ៊ីស្រាអែល ហើយអាកាសយានិកជំនួយដែលជាជនជាតិអូម៉ង់ បានប្រើប្រាស់កាំបិតចាក់ប្រហារទៅលើប្រធានក្រុមអ្នកបើកបរជនជាតិឥណ្ឌា Captain Smit Machchhar និងបានព្យាយាមបំផ្លាញប្រព័ន្ធបញ្ជាដើម្បីបង្ខំឱ្យយន្តហោះធ្លាក់។

អ្នកដំណើរឈ្មោះ Yaniv Hayoun 

ការប្រតាយប្រតប់រវាងអ្នកដំណើរ និងជនល្មើសបានដណ្តើមការបញ្ជាលើយន្តហោះនោះ បានបណ្តាលឱ្យយន្តហោះធ្លាក់ចុះកម្ពស់យ៉ាងគំហុកចន្លោះពី ១៤.០០០ ទៅ ១៧.០០០ ហ្វីត (៥ពាន់ម៉ែត្រ) ក្នុងរយៈពេលត្រឹមតែ ២ នាទី និងបានប្តូរកូដប្រព័ន្ធអាសន្នទៅលេខ ៧៥០០ ដែលបញ្ជាក់ពីការប្លន់យន្តហោះ រហូតធ្វើឱ្យកងទ័ពអាកាសអ៊ីស្រាអែលបញ្ជូនយន្តហោះចម្បាំងចេញទៅអន្តរាគមន៍ភ្លាមៗ។ទោះបីជាទទួលរងរបួសធ្ងន់ និងមានឈាមស្រោចខ្លួនយ៉ាងណាក៏ដោយ Captain Smit Machchhar បានខិតខំតស៊ូប្រឆាំង និងចុចបើកគន្លឹះទ្វារបន្ទប់បញ្ជា ដែលអនុញ្ញាតឱ្យអ្នកដំណើរ និងនាវិកសម្រុកចូលទៅជួយអន្តរាគមន៍ទាន់ពេលវេលា។ ក្នុងនោះ អ្នកដំណើរឈ្មោះ Yaniv Hayoun បានសម្រុកចូលទៅចាប់ទាញជនបង្កចេញពីផ្ទាំងបញ្ជា ឯអ្នកបើកបរយន្តហោះជំនួសជនជាតិអង់គ្លេសដែលជិះជាអ្នកដំណើរបានចូលទៅគ្រប់គ្រងប្រព័ន្ធបញ្ជាយន្តហោះឱ្យមានស្ថិរភាពឡើងវិញ ព្រមទាំងប្រើប្រាស់ខ្សែប្រព័ន្ធកាសស្តាប់មកចងរឹតជនបង្កហេតុ។ យន្តហោះត្រូវបាននាំទៅចុះចតជាបន្ទាន់ដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Tabuk ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗ។

ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងរីយ៉ាដ បានបញ្ជាក់ថា Captain Smit Machchhar កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្ត Tabuk ដោយស្ថានភាពសុខភាពរបស់លោកបានស្បើយផុតពីគ្រោះថ្នាក់ និងមានស្ថិរភាពហើយ។ ចំណែកឯអ្នកដំណើរទាំង ១៧៤ នាក់ត្រូវបានដឹកជញ្ជូនបន្តទៅដល់ព្រលានយន្តហោះ Ben Gurion ក្នុងទីក្រុងតេលអាវីវ ដោយសុវត្ថិភាពតាមរយៈយន្តហោះជំនួសពិសេស។ ភ្លាមៗនោះ ក្រុមហ៊ុន Flydubai បានប្រកាសផ្អាកជើងហោះហើរទៅមកប្រទេសអ៊ីស្រាអែលជាបណ្តោះអាសន្ន ខណៈអាជ្ញាធរអារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល និងអាម៉េរិក កំពុងបន្តការស៊ើបអង្កេតយ៉ាងល្អិតល្អន់លើករណីដ៏កម្រនេះ៕

Khcct banner

អត្ថបទទាក់ទង