Swift cc time

ចិន សម្រេចបើកដំណើរការមជ្ឈមណ្ឌលគាំទ្រ និងបណ្ដុះបណ្ដាលកងទ័ពអាកាស នៅឡាវ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀងចន្ទន៍៖ ប្រទេសចិន និងឡាវ កាលពីថ្ងៃអង្គារិ៍ បានប្រកាសបើកសម្ពោធជាផ្លូវការនូវ «មជ្ឈមណ្ឌលទ្រទ្រង់ និងហ្វឹកហ្វឺនយោធារួមគ្នា» ព្រមទាំង «វិទ្យាស្ថានអាកាសចរណ៍មិត្តភាពចិន-ឡាវ» នៅឯអាកាសយានដ្ឋាន Ban Keun ក្នុងខេត្តវៀងចន្ទន៍ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ យោងតាមព័ត៌មានកងទ័ពប្រជាជនឡាវ និងក្រសួងការពារជាតិចិន ទីតាំងថ្មីនេះ នឹងត្រូវប្រើប្រាស់សម្រាប់ជួយហ្វឹកហ្វឺនពីឡុត និងពង្រឹងសមត្ថភាពកងទ័ពអាកាសឡាវ ដោយប្រទេសទាំងពីរជាអ្នកគ្រប់គ្រង និងថែទាំរួមគ្នា។

យោងតាមកាសែតThe Laotian Times ក្រសួងការពារជាតិចិន មិនទាន់បានទម្លាយលម្អិតអំពីចំនួនបុគ្គលិក យន្តហោះ ឬបរិក្ខារយោធាដែលត្រូវដាក់ពង្រាយនៅទីនោះនៅឡើយទេ។ ចិនបានគូសបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលនេះធ្វើឡើងតាមរយៈការពិគ្រោះយោបល់រវាងប្រទេសទាំងពីរ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយមិនមានបំណងតម្រង់ទិសប្រឆាំងនឹងភាគីទីបីណាមួយឡើយ។

ការបើកសម្ពោធនេះ បានឆ្លុះបញ្ចាំងពីការរីកធំធាត់នៃវត្តមានយោធាចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីចិន និងកម្ពុជា បានបើកសម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺន និងទ្រទ្រង់រួមគ្នានៅឯមូលដ្ឋានជើងទឹក រាម កាលពីឆ្នាំ២០២៥ កន្លងទៅ។ សម្រាប់ប្រទេសឡាវ នេះជាការបន្ថែមទំនាក់ទំនងយោធាយ៉ាងស៊ីជម្រៅជាមួយចិន ខណៈឡាវនៅតែបន្តរក្សាកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសផ្សេងទៀត ដូចជាការធ្វើលំហាត់សមយុទ្ធរួមគ្នា «LAROS-2026» ជាមួយរុស្ស៊ី កាលពីខែមិថុនា និងសមយុទ្ធសុខាភិបាលមនុស្សធម៌ «Peace Train-2026» ជាមួយចិននាពេលថ្មីៗនេះ៕

Khcct banner

អត្ថបទទាក់ទង