Swift cc time

ចិន បញ្ចេញរ៉ូបូតមុជទឹកជម្រៅ ៤,៥០០ម៉ែត្រ ទៅធ្វើបេសកកម្មរុករកនៅសមុទ្រចិនខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ ប្រទេសចិន បានបញ្ចេញរ៉ូបូតមុជទឹកជម្រៅជ្រៅរហូតដល់ ៤,៥០០ម៉ែត្រ ដែលផលិតឡើងដោយសមត្ថភាពផ្ទាល់ខ្លួនសុទ្ធសាធ ឱ្យចេញដំណើរពីកំពង់ផែ Weihai ខេត្ត Shandong ដើម្បីបើកបេសកកម្មស្រាវជ្រាវវិទ្យាសាស្ត្រ និងរុករកធនធាននៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន (Harbin Institute of Technology) សាខា Weihai។បេសកកម្មនេះ មានគោលដៅតេស្តសមត្ថភាពរ៉ូបូតនៅក្នុងលក្ខខណ្ឌជាក់ស្តែង ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាពីមន្ទីរពិសោធន៍ទៅកាន់ទីផ្សារឧស្សាហកម្មពិតប្រាកដ។ វាស្តែងឱ្យឃើញពីការបោះជំហានដ៏សំខាន់របស់ចិន ក្នុងការការពារសន្តិសុខធនធានបាតសមុទ្រ និងការរុញច្រានមហិច្ឆតាក្លាយជា «មហាអំណាចសមុទ្រ»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV+ រ៉ូបូតក្រោមទឹកជំនាន់ថ្មីនេះ ត្រូវបានបំពាក់ដោយដៃយន្តការអ៊ីដ្រូលីក ៧អ័ក្ស (seven-axis hydraulic manipulator) និងបានដោះស្រាយបញ្ហាបច្ចេកវិទ្យាស្នូលជាង ៣០ រួមមាន៖ ប្រព័ន្ធការពារសម្ពាធទឹកជ្រៅ កម្លាំងរុញច្រានថាមពលខ្ពស់ ប្រព័ន្ធទំនាក់ទំនងក្រោមទឹកចម្ងាយឆ្ងាយ និងប្រព័ន្ធតម្រង់ទិសស្វ័យប្រវត្ត។ សមត្ថភាពពិសេសទាំងនេះ អនុញ្ញាតឱ្យវាក្លាយជាឧបករណ៍ដ៏មានឥទ្ធិពល ក្នុងការបំពេញភារកិច្ចស្មុគស្មាញក្រោមបាតសមុទ្រ ដូចជាការស្តារ និងទាញយកប្រេង-ឧស្ម័នធម្មជាតិ ការត្រួតពិនិត្យបំពង់ប្រេងក្រោមទឹក ការរុករករ៉ែ ការប្រមូលគំរូវិទ្យាសាស្ត្រ និងប្រតិបត្តិការសង្គ្រោះបន្ទាន់ផ្សេងៗ។

លោក Tao Zewen ប្រធានក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍គម្រោងនេះ បានគូសបញ្ជាក់ថា៖ « ប្រព័ន្ធផ្នែករឹង (Hardware) និងផ្នែកទន់ (Software) ស្នូលនៃរ៉ូបូតនេះ គឺផលិត និងគ្រប់គ្រងដោយស្រុកថៃទាំងស្រុង។ ទៅថ្ងៃអនាគត យើងនឹងបន្តកាត់បន្ថយថ្លៃដើមនៃការប្រើប្រាស់ឧបករណ៍បាតសមុទ្រជម្រៅជ្រៅដែលផលិតក្នុងស្រុកនេះបន្ថែមទៀត»៕


Khcct banner

អត្ថបទទាក់ទង