Swift cc time

អ្នកជំនាញអន្តរជាតិ ចុះពិនិត្យ និងវាយតម្លៃពីស្ថានភាពរងការខូចខាត នៃប្រាសាទព្រះវិហារ ដើម្បីត្រៀមសង្រ្គោះបន្ទាន់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
អាជ្ញាធរជាតិព្រះវិហារ

ព្រះវិហារ៖ អ្នកជំនាញការអាដហុក នៃអាយស៊ីស៊ី ព្រះវិហារ បានចុះពិនិត្យមើលពីស្ថានភាពរងការខូចខាត នៃប្រាសាទព្រះវិហារ ដើម្បីពិនិត្យវឌ្ឍនភាពការងារសង្រ្គោះបន្ទាន់ ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ ដល់ទី៥។ ការពិនិត្យដូច្នេះ បន្ទាប់ពីប្រាសាទព្រះវិហារ រងការខូចខាតដោយការបាញ់ប្រហាររបស់យោធាថៃ ក្នុងអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។

បើតាមអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ បានចុះទស្សនកិច្ចទៅកាន់ប្រាសាទព្រះវិហារ ដើម្បីពិនិត្យវឌ្ឍនភាពការងារសង្រ្គោះបន្ទាន់ប្រាសាទព្រះវិហារ ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ ដល់ទី៥ រងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ កាលពីឆ្នាំ២០២៥កន្លងទៅ និងការរៀបចំប្រព័ន្ធរំដោះទឹកចេញពីប្រាសាទព្រះវិហារ។

ក្នុងដំណើរទស្សនកិច្ចនោះ អ្នកជំនាញការក៏បានផ្តល់អនុសាសន៍បន្ថែមទៅលើទីតាំងមានហានិភ័យខ្ពស់ ដែលអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិព្រះវិហារបានទល់ទ្ររួច និងទីតាំងមួយចំនួនទៀតដែលត្រូវធ្វើការអភរិក្សទល់ទ្របន្តទៀត។

ដោយឡែក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ អ្នកជំនាញការអាដហុក នៃអាយស៊ីស៊ីព្រះវិហារ ក៏បានចុះពិនិត្យវាយតម្លៃវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នឹងបានផ្តល់អនុសាសន៍ដល់អ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ ចំពោះការងារអភិរក្សនៅរមណីយដ្ឋានប្រាសាទកោះកេរ រួមមាន៖ ប្រាសាទខ្នារ ប្រាសាទគោកគ្រង ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង ប្រាសាទក្រហមក្នុងបរិវេណប្រាសាទរួម និងប្រាសាទប្រាំ ព្រមទាំងការរៀបចំវង់ទស្សនាទេសចរផងដែរ៕


Khcct banner

អត្ថបទទាក់ទង