បាងកក៖ អាជ្ញាធរអគ្គិសនីថៃ (EGAT) បានប្រកាសថា ទំនប់ទឹក វ៉ាជីរ៉ាឡុងកន (Vajiralongkorn) ក្នុងខេត្តកញ្ចនបុរី បានចាប់ផ្តើមបង្កើនការបង្ហូរទឹកចេញពី ១៥លាន ទៅ ៣០លានម៉ែត្រគូបក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញានេះ។ មូលហេតុគឺដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ធ្វើឱ្យកម្ពស់ទឹកក្នុងអាងកើនឡើងជិតពេញ (ដល់ទៅ ៩៦% នៃសមត្ថភាពផ្ទុក)។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត បរិមាណទឹកនឹងត្រូវបង្ហូរចេញ បន្ថែមទៀតដល់ ៤២លានម៉ែត្រគូបក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា។ អាជ្ញាធរថៃ បានព្រមានដល់ប្រជាពលរដ្ឋរស់នៅភាគខាងក្រោមទំនប់ ឱ្យប្រញាប់រៀបចំលើកអីវ៉ាន់ឡើងទីទួលសុវត្ថិភាព តាមដានកម្ពស់ទឹកឱ្យបានដិតដល់ និងប្រុងប្រយ័ត្នពេលធ្វើដំណើរ។ អាជ្ញាធរថៃបញ្ជាក់ថា ការបង្ហូរទឹកនេះធ្វើឡើងតាមបច្ចេកទេស និងមានការគ្រប់គ្រងច្បាស់លាស់ ដោយក្រុមការងារនឹងបន្តតាមដានស្ថានភាពទឹកភ្លៀងជាប្រចាំ ដើម្បីជូនដំណឹងជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ទំនប់ទឹក វ៉ាជីរ៉ាឡុងកន (Vajiralongkorn) គឺជាទំនប់ទឹកដ៏សំខាន់មួយស្ថិតក្នុងខេត្តកញ្ចនបុរី ប្រទេសថៃ ដើរតួនាទីយ៉ាងសកម្មក្នុងការទប់ស្កាត់គ្រោះទឹកជំនន់ បង្កើតថាមពលវារីអគ្គិសនី និងផ្គត់ផ្គង់ទឹកស្រោចស្រពស្រែចំការ។ ដោយសារភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានធ្វើឱ្យកម្ពស់ទឹកក្នុងអាងស្ទើរតែពេញ (ហក់ឡើងដល់ ៩៦% នៃសមត្ថភាពផ្ទុក) ដែលតម្រូវឱ្យអាជ្ញាធរថៃ បង្កើនការបង្ហូរទឹកចេញជាបន្ទាន់ ដើម្បីការពារសុវត្ថិភាពទំនប់៕