ភ្នំពេញ៖ រដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ បានចាប់ផ្តើមពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃ ១រោច ខែភទ្របទ ដែលជាថ្ងៃកាន់បិណ្ឌ១)។ ក្នុងពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនេះរបស់ប្រទេសកម្ពុជា ដែលមានរយៈពេលសរុប ១៥ថ្ងៃ ក្រសួងបរិស្ថានអំពាវនាវដល់សាធារណជន ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឬសម្ភារៈប្លាស្ទិកប្រើបានម្តង និងបន្តអនុវត្តតាមគោលការណ៍ 4Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃ)ដើម្បីភាពស្អាត ភាពបៃតង នៅកម្ពុជា។
តាមរយៈអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធ និងសាធារណជន ចូលរួមអនុវត្តសកម្មភាព ដើម្បីភាពស្អាត ភាពបៃតង នៅកម្ពុជា ដូចជា៖ការចូលរួមរៀបចំ និងទុកដាក់សំរាម សំណល់រឹង ឱ្យបានស្អាត ពេលទៅវត្តអារាម ឬទីតាំងកម្សាន្តផ្សេងៗ និងថែរក្សាអនាម័យនៅតាមទីវត្តអារាម និងរមណីយដ្ឋានសាធារណៈ។ ទន្ទឹមនឹងនេះ ពលរដ្ឋត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឬសម្ភារៈប្លាស្ទិកប្រើបានម្តង និងបន្តអនុវត្តតាមគោលការណ៍ 4Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃ)។
ជាមួយគ្នានេះ អាជ្ញាធរនិងងភាគីពាក់ព័ន្ធនានា ត្រូវរៀបចំក្រុមសម្អាតអនាម័យ និងមានការផ្សព្វផ្សាយបញ្រ្ជាបចំណេះដឹង ដល់ប្រជាពលរដ្ឋឱ្យចូលរួមសម្អាតអនាម័យបរិស្ថាន និងទុកដាក់សំរាមត្រឹមត្រូវ នៅតាមធុងសំរាម។
សូមបញ្ជាក់ថា ការប្រែប្រួលឥរិយាបទវិជ្ជមាន នៃការទុកដាក់សំរាម គឺជាការរួមចំណែកមួយយ៉ាងសំខាន់ លើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ« ផ្លូវស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» និងយុទ្ធនាការមួយចំនួនទៀតរបស់ក្រសួងរិស្ថាន ដែលបានដាក់ចេញស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន៕