ឧត្តរមានជ័យ៖ ក្រសួងសុខាភិបាល នាថ្ងៃទី២៨ កញ្ញា បានប្រកាសពីករណីកើតលើបុរសអាយុ ៤៩ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយ បក្សីប្រភេទហាស់៥ អ៊ុន១ (H5N1) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ អ្នកជំងឺមានទីលំនៅក្នុងភូមិទួលគ្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យ និងកំពុងទទួលការព្យាបាល ថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
តាមការសាកសួរ បានបង្ហាញថា អ្នកជំងឺជាអ្នកចិញ្ចឹមនិងថែទាំមាន់ នៅក្នុងកសិដ្ឋាន ហើយបានប៉ះពាល់ផ្ទាល់ជាមួយមាន់ឈឺ និងងាប់ ដែលត្រូវបានរកឃើញថាមានវិជ្ជមានវីរុស ផ្តាសាយបក្សី H5N1ផងដែរ ដោយវិទ្យាស្ថានជាតិសុខភាពសត្វ និងផលិតកម្មសត្វ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។
ក្រសួងសុខាភិបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការ កើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួង បានរំលឹកឱ្យពលរដ្ឋ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមាន រោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យ ព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕